ផ្លូវជាតិលេខ៧៦ដែលបាក់ស្រុត ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី អនុញ្ញាតឱ្យរថយន្តធន់តូចបើកបរជាបណ្តោះអាសន្ន

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានចាត់ក្រុមមន្ត្រីជំនាញយកគ្រឿងចក្រកាយដីកិនបង្ហាប់ផ្លូវមួយច្រកសម្រាប់រថយន្តតូចៗឆ្លងកាត់ចំណុចដែលបាក់ស្រុតជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៧៦ ភ្នំពេញ-មណ្ឌលគិរី ខណៈរថយន្តដឹកទំនិញខ្នាតធំ ត្រូវបន្តធ្វើដំណើរកាត់ផ្លូវវាងថ្មីដែលអាជ្ញាធរដាក់ឱ្យប្រើប្រាស់កាលពីដើមខែសីហា…។  យោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងកាលពីថ្ងៃទី១៦សីហាថា ការដាក់គ្រឿងចក្រឱ្យកិនបង្ហាប់ផ្លូវមួយច្រកលើកំណាត់ផ្លូវបាកស្រុត ហើយអនុញ្ញាឱ្យរថយន្តតូចៗឆ្លងកាត់នេះធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្នានថ្ងៃ ធ្វើឱ្យផ្លូវវាងថ្មីជាប្រភេទដីព្រៃទើបឈូសឆាយបែកភក់ខ្លាំងទោះបីជាប្រើថ្មចាក់ក្រាលជាច្រើនក្ដី ក៏មិនអាចជួយការធ្វើដំណើរឆ្លងកាត់បានឡើយ។ ជាហេតុបណ្តាលឱ្យមានការកកស្ទះរថយន្តទៅណាមិនរួចរាប់រយគ្រឿងក្នុងចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ពីរបីថ្ងៃកន្លងទៅលើចំណុចផ្លូវវាងដែលអាជ្ញាធរបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី៧។  ដូច្នេះ ដើម្បីសម្រាយបញ្ហាកកស្ទះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានចុះពិនិត្យ និងបញ្ជាដោយផ្ទាល់ ក្រុមគ្រឿងចក្រឱ្យឈូសឆាយកាយដីនៅចំណុចចំណីផ្លូវកន្លែងបាក់ស្រុតឡើងវិញ ដើម្បីឱ្យរថយន្តខ្នាតតូចលក្ខណៈគ្រួសារ រថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញខ្នាតតូច ធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នបាន ចៀសវាងការជាប់គាំងរថយន្តអូសបន្លាយពេលវេលា នាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន។ ដោយឡែក រថយន្តដឹកទំនិញខ្នាតធំ ត្រូវបន្តធ្វើដំណើរតាមផ្លូវវាងថ្មីព្រោះមានគ្រឿងចក្ររង់ចាំជួយអូសក្នុងករណីជាប់ផុង។  សូមរំឭកដែរថា ដោយសារកត្តាអាកាសធាតុ ភ្លៀងធ្លាក់ខ្លាំងទូទាំងខេត្តនៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ធ្វើឱ្យមានជំនន់ទឹកភ្លៀងកើតឡើងបណ្តាលឱ្យបាក់ស្រុត និងដាច់ផ្លូវជាតិលេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា(ចំណុចអូរងើយ)ត្រូវកាត់ផ្តាច់ និងខូចខាតទាំងស្រុង មិនអាចធ្វើដំណើរបាន ទើបរដ្ឋបាលខេត្តបានសម្រេចបិទផ្អាកចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវនេះ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង