ត្រឹមរយៈពេល២ថ្ងៃ អាជ្ញាធររាជធានីបង្ក្រាបបានស៊ុតមាន់-ទាគ្មានច្បាប់ ជិត៨ម៉ឺនគ្រាប់ ខណៈមន្ត្រីច្រកព្រំដែនដាក់អន្ទាក់ក្រុមឈ្មួញ
រាជធានីភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ឃាត់រថយន្ត១គ្រឿងផ្ទុកស៊ុតមាន់៥២០០០គ្រាប់ នាំចូលមកពីប្រទេសវៀតណាម តាមច្រកម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុអញ្ញាត…។ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ បានឱ្យដឹងនៅថ្ងៃទី១៦សីហាថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ នៅចំណុចផ្លូវជាតិលេខ១ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់រថយន្ត១គ្រឿងម៉ាក( KIA) ជាប្រភេទដឹកទំនិញចំណុះ១តោន ពាក់ស្លាកលេខ ភ្នំពេញ២BO-00៤៨ ពណ៌ស ដឹកស៊ុតមាន់ចំនួន១៣០កញ្ចែង ស្មើនឹង៥២០០០គ្រាប់ នាំចូលមកពីប្រទេសវៀតណាម តាមច្រកម៉ឺនជ័យនៃស្រុកកំចាយមារ ឆ្ពោះមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុអនុញ្ញាតអ្វីទាំងអស់ (តាមការស្រាយបំភ្លឺរបស់ម្ចាស់ដឹកស៊ុតមាន់)។ លោកបន្តថា ចំពោះវត្ថុតាងក្រុមការងារបាននាំយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥សីហាកន្លងទៅ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ បានចុះបង្រា្កបរថយន្ត0១គ្រឿង ផ្ទុកពងទាចំនួន២៦១០០គ្រាប់ មកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានប្រភពច្បាស់លាស់។ យ៉ាងមិញជុំវិញករណីនេះ មានមហាជនជាច្រើនចោតជាសំណួរទៅកាន់អាជ្ញាធរនៅច្រកព្រំដែនថា ហេតុអ្វីបានជាបណ្តែតបណ្តោយឱ្យមានការនាំចូល ស៊ុតមាន់ ស៊ុតទា ដោយគ្មានលិខិតអនុអញ្ញាតបែបនេះបានយ៉ាងស្រួលម្ល៉េះដឹងធ្វើមិនដឹង ឬមានអីមិនប្រក្រតីនៅពីក្រោយ? នេះសំណាងហើយដែលអាជ្ញាធររាជធានីឃាត់ចាប់បានចុះបើចាប់មិនបាន ចែកចាយពេញនឹងប្រជាពលរដ្ឋទិញមកហូប គឺប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ ដូចេ្នះប្រជាពលរដ្ឋ ស្នើសុំយ៉ាងទទូចដល់អាជ្ញាធរនៅច្រកព្រំដែនជួយមើលលើរឿងនេះផង។ ដោយឡែក ប្រភពពីអ្នកនាំចូលស៊ុតមាន់-ទា នាំចូលពីប្រទេសវៀតណាម បានបង្ហើបឱ្យដឹងថា តាមពិតជាល្បិចថ្ពិនភ្នែករបស់អាជ្ញាធរសមត្ថកិច្ចច្រកព្រំដែន ជាមួយអាជ្ញាធរអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលបានគុបគិតគ្នាធ្វើបាបប្រជាពលរដ្ឋ ដោយពួកគេសហការគ្នា មួយធ្វើជាអននុញ្ញាតរួចហើយរាយការណ៍ឱ្យមួយក្រុមទៀតចាប់ ដើម្បីបានលុយពីរតង់ ដូច្នេះ អ្នករងគ្រោះគឺជាក្រុមឈ្មួញនាំស៊ុតសត្វប៉ុណ្ណោះ។ ប្រភពដដែលបន្តថា កន្លងមកទោះបីពួកគេបង់ប្រាក់ទៅឱ្យមន្ត្រីជំនាញ ដើម្បីនាំចូលស្របច្បាប់ ក៏នៅតែអស់លុយរត់ការពេលដឹកជញ្ជូនដដែលជាដដែល អ៊ីចឹងហើយបានជាក្រុមឈ្មួញជួយស៊ុតសត្វឈប់ទៅរត់ការច្បាប់នោះ ព្រោះបើមិនបង់លុយឱ្យមន្ត្រីច្រក និងមន្ត្រីត្រួតពិនិត្យចល័តទេ ពួកគេមិនឱ្យចេញឡើយ រកលេសនេះលេសនោះមិនចេះចប់ទេ ទាល់តែបានលុយចូលហោប៉ៅទើបមិនចេះខុស។ ម៉្យាងស៊ុតសត្វទាំងនេះ ជាស៊ុតសត្វចិញ្ចឹមរបស់កសិករវៀតណាមនៅតាមបន្ទាត់ព្រំដែន គឺមិនបាំនាំចូលមកពីខេត្តឆ្ងាយៗឯណាទេ គ្រាន់តែគ្មានច្បាប់អនុញ្ញាតប៉ុណ្ណោះ បើចង់ឱ្យឈ្មួញចូលខ្លួនទៅបង់លើការនាំចូល មន្ត្រីអនុវត្តច្បាប់ក៏គួរលុបបំបាត់អំពើពុករលួយតាមដងផ្លូវ និងច្រកព្រំដែនផងដែរ…៕ សម្រួលដោយ ទៀង បុណ្ណរី