អធិការរងខណ្ឌចំការមន ដែលប្រើហិង្សាលើពលរដ្ឋស្លូតត្រង់ ត្រូវបានបញ្ជូនខ្លួនទៅតុលាការហើយ
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានបញ្ជូនខ្លួន លោកវរសេនីយ៍ទោ ហ៊ុត គង់ អធិការរងខណ្ឌ ចំការមន ទទួលផែនការងារជំនាញកោសល្យវិច្ឆ័យ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ក្រោយប្រព្រឹត្តិសកម្មភាពហិង្សាលើបុរសម្នាក់…។ សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ពាក់ស្លាកលេខភ្នំពេញ 2BV -5390 ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យខូចខាត។ បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តឱ្យសន្លប់នៅនឹងកន្លែងកើតហេតុ។ ភ្លាមៗ ក៏មានការបង្ហោះវីដេអូនៃការប្រើអំពើហិង្សានោះទៅលើបណ្តាញសង្គម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននគរបាលជាតិ និងទទួលការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គម។ ក្រោយមក អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ថា ករណីលោកអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ប្រើអំពើហិង្សា លើពលរដ្ឋក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺជាការល្មើសវិន័យ និងជាការល្មើសច្បាប់។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ គឺដាក់បញ្ជាទៅអធិការនគរបាលខណ្ឌចំការមន ត្រូវតែអនុវត្តតាមផ្លូវច្បាប់ចំពោះមន្ត្រីដែលប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋនេះ»។ អ្នកនាំពាក្យរូបនេះបន្ថែមថា ចំពោះប្រជាពលរដ្ឋដែលបើកបរល្មើសច្បាប់ ឬបង្កគ្រោះថ្នាក់បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ គួរតែហៅឬឃាត់យានយន្ដដើម្បីធ្វើកិច្ចសន្យា ឬផាកពីន័យតាមផ្លូវច្បាប់ជាដើម ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ គឺមិនត្រូវបង្កហិង្សាមកលើជាពលរដ្ឋដូចច្នេះទេ។ ដោយឡែក បច្ចុប្បន្នជនសង្ស័យកំពុង ស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ដូច្នេះ គេមិនទាន់ដឹងថា អធិការរងខណ្ឌរូបនេះ មានទោសទណ្ឌក្នុងបទវិន័យរបស់ស្ថាប័ននគរបាលជាតិ កម្រិតណានៅឡើយទេ ព្រោះស្ថិតក្នុងការស៊ើបអង្កេតពីមន្ត្រីជំនាញនៅឡើយ…៕ សម្រួលដោយ ទៀង បុណ្ណរី