អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យរៀបចំសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ជុំវិញវិមានរដ្ឋសភា ខណៈកិច្ចប្រជុំសភា នឹងឈានចូលនៅថ្ងៃទី២១ ខែសីហា
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌចំការមន រៀបចំសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ឲ្យបានល្អប្រសើរ នៅជុំវិញវិមានរដ្ឋសភា ខណៈដែលកិច្ចប្រជុំសភា នឹងឈានចូលមកដល់នៅថ្ងៃទី២១ ខែសីហា ខាងមុខនេះ។ ការណែនាំនេះបានធ្វើឡើង ខណៈដែលលោកដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ នៅជុំវិញវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។ លោក ឃួង ស្រេង ក្នុងខណៈនៃការចុះពិនិត្យនោះ បានធ្វើការណែនាំថា សម្រាប់អាជ្ញាធរខណ្ឌចំការមន ដែលជាម្ចាស់មូលដ្ឋាន ត្រូវត្រៀមរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងអនាម័យបរិស្ថាន នៅជុំវិញវិមានរដ្ឋសភាឲ្យបានស្អាត ដោយចាប់ផ្តើមអនុវត្តចាប់ពីពេលនេះតទៅ ព្រោះថា កិច្ចប្រជុំសភានិងការស្បថចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២១ និង២២សីហានេះហើយ។ គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤សីហា កន្លងមកនេះ លោក ឃួង ស្រេង ក៏បានធ្វើការណែនាំរួចម្តងហើយដែរ ដោយឲ្យអាជ្ញាធរខណ្ឌដែលមានរដ្ឋសភា និងបរមរាជវាំង នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឲ្យបានល្អជាមួយនឹងការរក្សាឲ្យបាននូវសន្តិសុខខ្ពស់បំផុត នៅទីតាំងទាំង២នេះ សម្រាប់ថ្ងៃទី២១ និង២២ សីហា ខាងមុខនេះ៕ សម្រួលដោយ ទៀង បុណ្ណរី