ក្រុមអ្នកជួយសង្គ្រោះរកឃើញសព២២នាក់ ក្រោយការបាក់ដីនៅអណ្តូងរ៉ែក្នុងប្រទេសមីយ៉ាន់ម៉ា
ក្រុមជួយសង្គ្រោះនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៥សីហា បានរកឃើញសាកសពចំនួន២២នាក់ បន្ទាប់ពីការរអិលបាក់ដីដ៏ធំកាលពីចុងសប្តាហ៍ នៅអណ្តូងរ៉ែត្បូងមួយកន្លែង…។ មនុស្សចំនួន៤២នាក់ត្រូវបានប្រកាសថាបាត់ខ្លួន ភាគច្រើនជាអ្នករើសអេតចាយដែលកំពុងស្វែងរកបំណែកតូចៗនៃត្បូង នេះបើយោងតាម លោក តា លីនមឿង (Tar Lin Maung) អ្នកកាសែតក្នុងស្រុក។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងទីក្រុងប៉ាកាន (Hpakant) ដែលជាតំបន់ភ្នំដាច់ស្រយាលក្នុងរដ្ឋកាឈីន (Kachin) ចម្ងាយប្រហែល៩៥០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា គឺទីក្រុងយ៉ាងហ្កន (Yangon)។ តំបន់នេះជាប្រភពដ៏សំខាន់នៃរ៉ែត្បូងដែលរកចំណូលបានច្រើនបំផុតក្នុងពិភពលោក។ មនុស្សជាង១០០នាក់ បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះ។ អ្នកជួយសង្គ្រោះម្នាក់ដែលបដិសេធមិនបង្ហាញអត្តសញ្ញាណ បានឱ្យដឹងថា ដោយសារតែភ្លៀងធ្លាក់មិនឈប់ធ្វើឱ្យយើងលំបាកក្នុងការស្វែងរក និងគ្រោះថ្នាក់សម្រាប់ពួកយើង។ ទីក្រុងប៉ាកាន ត្រូវបានគេស្គាល់ថា ជាធនធានត្បូងដ៏សម្បូរបែប និងជាកន្លែងនៃគ្រោះមហន្តរាយនៃការជីកយករ៉ែដ៏អាក្រក់បំផុតនៅតំបន់អាស៊ី។ នៅក្នុងខែកក្កដា ឆ្នាំ២០២០ មនុស្សយ៉ាងតិច១៦២នាក់ បានស្លាប់នៅក្នុងការរអិលបាក់ដីនៅតំបន់ដូចគ្នា ខណៈគ្រោះថ្នាក់នៅខែវិច្ឆិកា ឆ្នាំ២០១៥ បានធ្វើឱ្យមនុស្ស១១៣នាក់បានស្លាប់។ គួរបញ្ជាក់ថា មីយ៉ាន់ម៉ា ផលិតត្បូងបានប្រហែល៩០ភាគរយនៃត្បូងរបស់ពិភពលោក ដោយមានប្រទេសចិនជាអ្នកទិញដ៏សំខាន់។ ឧស្សាហកម្មនេះ បង្កើតបានជាចំណូលរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំដល់យោធា ដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា និងសម្ព័ន្ធមិត្តអាជីវកម្មរបស់ខ្លួន៕ សម្រួលដោយ ទៀង បុណ្ណរី