កុំចេះតែហ៊ាន..! ម្ចាស់កង់បីជិះបញ្ច្រាសទិស ហើយទាញដែកទីបបម្រុងវាយអ្នកបើករថយន្ត ពេលនេះសមត្ថកិច្ចហៅមកវាស់កម្ពស់ហើយ

រាជធានីភ្នំពេញ៖ បុរសអ្នកបើកបរកង់បីដែលជិះបញ្ច្រាសទិស ហើយទាញដែកទីបបម្រុងវាយអ្នកបើកបររថយន្ដ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម បង្កឱ្យមានការភ្ញាក់ផ្អើល និងចែកចាយពេញបណ្ដាញសង្គម កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ខណៈសកម្មភាពនេះមហាជនស្មានថា ជាសម្តែងរបស់ក្រុមថតVlogរកប្រាក់…។  លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីបានឃើញវីដេអូ នៅលើបណ្តាញសង្គមភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវធ្វើការស្រាវជ្រាវ រកអ្នកបើកបរម៉ូតូកង់បី ជិះបញ្ច្រាសទិសហើយបានយកដែកទីបមកគំរាមវាយអ្នកបើកបររថយន្តនោះឱ្យឃើញ។ អនុវត្តតាមបទបញ្ជា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់ បើកបរកង់បីឥណ្ឌា ដែលបើកបរបញ្ច្រាសទិស នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួចក៏មានជម្លោះប្រកែកគ្នារវាងអ្នកបើកបរកង់បីឥណ្ឌា ជាមួយអ្នកបើកបររថយន្ត ដោយអ្នកបើកបរកង់បីឥណ្ឌាមានបំណងប្រើប្រាស់ដែកទីបវាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរក្នុងរថយន្តនោះ។  ក្រោយកើតហេតុ កម្លាំងចម្រុះបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរហូតឃាត់ខ្លួនម្ចាស់កង់បីឥណ្ឌាខាងលើ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ដកណ្ដាល បានឱ្យដឹងថា អ្នកបើកបរកង់បីខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ចុះទៅឃាត់ខ្លួនដល់ផ្ទះតែម្ដង ដែលមានទីតាំងស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី។  សូមបញ្ជាក់ថា វីដេអូជាងពីរនាទីថតដោយភាគីម្ចាស់រថយន្ត បានបង្ហាញសកម្មភាពម្ចាស់កង់បីឥណ្ឌាម្នាក់ បើកបរបញ្ច្រាសទិសលើគន្លងគេ ហើយបង្កជម្លោះទាញដែកទីបបម្រុងវាយអ្នកបើកបររថយន្តនោះថែមទៀត។ ភ្លាមៗមានការចែកចាយវីដេអូនោះព្រោងព្រាត ហើយមហាជនយល់ថា នោះគ្រាន់ជាការសម្តែងរបស់ក្រុមថតវីដេអូVlogរកប្រាក់ប៉ុណ្ណោះ ប៉ុន្តែសកម្មភាពនេះមានការរិះគន់ខ្លាំងពីអ្នកទស្សនា និងជាសកម្មភាពមិនសមរម្យ រហូតដល់សមត្ថកិច្ចចុះឃាត់ខ្លួនជនបង្កហេតុតែម្ដង។ យើងនឹងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរសមត្ថកិច្ច ថានឹងអនុវត្តបែបណាចំពោះជនបង្កហេតុខាងលើនេះ..៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង