បនល្បែងជល់មាន់ បៀរ និងអាប៉ោងដ៏ធំមួយកន្លែងនៅក្បែរចំណុចអូរពងមាន់បើកចាក់ភ្នាល់លុយរាប់លាន អាជ្ញាធរនិងសមត្ថកិច្ចមិនទាន់បង្ក្រាប

ខេត្តស្ទឹងត្រែងៈ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែងមានការអស់សង្ឃឹមយ៉ាងខ្លាំងទៅលើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្ត នៅមិនទាន់មានចំណាត់ការបង្ក្រាបទៅលើបនល្បែងស៊ីសងជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងក្នុងចំការស្វាយចន្ទី បានបើកដំណើរការលេងជាយូរមកហើយ ដោយបានប្រមូលជួបជុំគ្នាយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃនៅក្បែររង្វង់មូលអូរពងមាន់។  ប្រភពព័ត៌មានបានទម្លាយឲ្យដឹងថាៈ បនល្បែងសុីសង បើកលេងយ៉ាងដុះស្លែដ៏ធំមួយកន្លែងនៅក្នុងចំការស្វាយចន្ទី មានទាំងជល់មាន់ និងអាប៉ោង ដោយក្រុមអ្នកលេងបានចាក់ភ្នាល់លុយរាប់លានក្នុង១គូរៗ ហើយមានថ្ងៃពិសេសខ្លះក្រុមអ្នកលេងមានលុយមកពីខេត្តផ្សេងៗ បានមកជួបជុំគ្នានៅកន្លែងសៃវៀនចាក់ភ្នាល់ដាក់លុយរាប់លាន ជល់មាន់ក្នុងមួយគូនិងអាប៉ោងផងដែរ។ ក្រៅពីថ្ងៃពិសេសថ្ងៃធម្មតាក៏មានការបើកលេងដែលចាប់ពីម៉ោង២ រសៀលរៀងរាល់ថ្ងៃ។ ចំណែកអ្នកទៅលេង ខ្លះជិះម៉ូតូនិងខ្លះជិះរថយន្តចេញពីចំណុចរង្វង់មូលអូរពងមាន់ជាង១គីឡូម៉ែត្រ ធ្វើដំណើរទៅតាមផ្លូវជាតិលេខ៧៨ ហើយនៅចំណុចខាងស្ដាំដៃមានផ្លូវលំជិះបន្តចូលទៅដល់កន្លែងបនល្បែង ដោយកាត់តាមចំការកៅស៊ូ ដល់ចំណុចផ្លូវបត់មានដើមស្វាយចន្ទី ចូលទៅក្នុងជ្រៅ ធ្វើដូច្នេះដើម្បីលាក់បាំងភ្នែកមហាជន។  ប្រភពបានបន្តឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយមហាជនមានចម្ងល់លើកឡើងថា មានកន្លែងល្បែង អ្នកលួចលេងតិចតួច ទោះបីខំប្រឹងលាក់បាំងយ៉ាងណា ក៏នៅតែធំក្លិនទៅដល់ច្រមុះសមត្ថកិច្ច ចុះទៅបង្ក្រាបភ្លាមៗ មិនឲ្យរួចខ្លួននោះទេ។ តែចម្លែកអីបនល្បែងស៊ីសងជល់មាន់និងបៀអាប៉ោងដ៏ធំមួយកន្លែងចាក់ភ្នាល់លុយរាប់លានក្នុងចម្ការស្វាយចន្ទីទៅហួសចំណុចរង្វង់មូលអូរពងមាន់ប្រហែលជាង១គីឡូដីផ្លូវជាតិលេខ៧៨ មានការបើកលេងយ៉ាងគគ្រឹកគគ្រេង នៅមិនទាន់ឃើញមានខាងអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណា មានចំណាត់ការចុះបង្ក្រាបនោះទេ។ ប្រភពច្បាស់ការបានបង្ហើបឱ្យដឹងបន្តថា បនល្បែងដ៏ធំនៅចំណុចអូរពងមាន់ខាងលើនោះ មានខ្នងខ្សែអ្នកធំជាអ្នករត់ការបើកផ្លូវ ទើបគ្មានឃើញសមត្ថកិច្ចក្នុងខេត្តស្ទឹងត្រែង ហ៊ានទៅប៉ះពាល់ឡើយ។ ទទឹមនឹងនោះក៏មានមន្ត្រីញៀនល្បែងខ្លះចូលទៅលេងព្រមទាំងបានចូលដៃចូលជើងស៊ុមគ្រលំរត់ការឲ្យទៀតផង។  ជុំវិញបញ្ហាពាក់ព័ន្ធកើតមានឡើង បើកបនល្បែងសុីសង ដែលមានដូចជា ជល់មាន់និងអាប៉ោង ក្រុមអ្នកលេងចាក់ភ្នាល់លុយរាប់លាយលានរៀល លេងជារៀងរាល់ថ្ងៃទៅចំណុចខាងលើនោះ អង្គភាពTNMយើង ធ្លាប់បានធ្វើការទំនាក់ទំនងតេទៅសួរនាំខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរួចផងដែរ តែខាងអាជ្ញាធរក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងស្ទឹងត្រែង គ្រាន់តែឆ្លើយតបមកវិញថា នឹងចាត់កម្លាំងឲ្យចុះទៅមើល ក៏ប៉ុន្តែស្ងាត់ឈឹងមិនឃើញមានចំណាត់ការ។ ពលរដ្ឋរស់នៅក្នុងខេត្តនិងសង្ឃឹមថា លោកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានឆន្ទៈធ្វើការបង្ក្រាបទៅលើបនល្បែងស៊ីសងជល់មាន់និងអាប៉ោងនៅចំណុចខាងលើនេះ ជាក់ជាពុំខាន ។ដើម្បីការពារនៅសន្តិសុខនិងរក្សាឲ្យបានភូមិឃុំមានសុវត្ថិភាព ជៀសវាងនៅចោរលួច ចោរឆក់ ចោរប្លន់ ដែលជាហេតុបង្ករឲ្យមានភាពអសន្តិសុខកើតមានឡើងនៅក្នុងខេត្តស្ទឹងត្រែងរបស់យើង ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តពួកគាត់រស់នៅទាំងភាពភ័យខ្លាច។  (ដោយសហការី TNM ស្ទឹងត្រែង)  សម្រួលដោយ   ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង