អាជ្ញាធរក្រុងព្រះសីហនុទុកពេលពីរសប្តាហ៍ជាកំហិត ឱ្យពលរដ្ឋរុះរើសំណង់មិនរៀបរយចេញពីឆ្នេរព្រែកត្រែង
ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ បានជូនដំណឹងឱ្យពលរដ្ឋទាំងអស់ដែលមានសំណង់មិនរៀបរយលើឆ្នេរព្រែកត្រែងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឱ្យរុះរើនឹងជញ្ជូនចេញឱ្យបានមុនថ្ងៃទី៣១ខែសីហាឆ្នាំ២០២៣ជាកំហិត។ បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៤សីហាឆ្នាំ២០២៣ បានឱ្យដឹងថា ការធ្វើបែបនេះរបស់អាជ្ញាធរ គឺដើម្បីរៀបចំឆ្នេរព្រែកត្រែង ឱ្យក្លាយជាឆ្នេរសាធារណៈ សម្រាប់សាធារណជនមកលេងកម្សាន្តដោយមិនមានការបង់ប្រាក់ ព្រមទាំងរក្សាសណ្តាប់ធ្នាប់ល្អ របៀបរៀបរយ និងមានសោភ័ណភាពអនាម័យបរិស្ថានល្អ។ ក្នុងនោះអាជ្ញាធរ បានបញ្ជាឱ្យរុះរើ រោង តូប និងខ្ចុះចល័តចេញ ដោយឡែកសម្រាប់អ្នកមានគម្រោងសង់ត្រូវបញ្ឈប់ជាបន្ទាន់ដូចគ្នា។ រដ្ឋបាលក្រុងព្រះសីហនុបានរៀបរាប់ថា៖ «១.បញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗ នៅលើដីចំណីឆ្នេរព្រែកត្រែងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ, ២.ត្រូវធ្វើការរុះរើសំណង់មិនរៀបរយដោយស្ម័គ្រចិត្ត និងជញ្ជូនយកចេញឱ្យអស់ពីទីតាំងនៅមុន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ជាកំហិត។ ផុតកាលបរិច្ឆេទកំណត់ខាងលើក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលក្រុងនឹងចាត់វិធានការរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារឡើយ»។ គួរបញ្ជាក់ថា ស្របពេលដែលខេត្តជាប់សមុទ្ទមួយនេះកំពុងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តកើនឡើង គេសង្គេតឃើញពលរដ្ឋមួយចំនួនបាន សាងសង់សំណង់មិនរៀបរយតាមឆ្នេរមួយនេះរួមមាន៖ រោង តូប និងបានដាក់ខ្ចុះចល័តជាច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយសោភ័ណភាព និងអនាម័យបរិស្ថាន ទើបអាជ្ញាធរក្រុងបានដាក់ចេញនៅវិធានការបែបនេះ៕ សម្រួលដោយ ទៀង បុណ្ណរី