ភ្លើងឆេះព្រៃនៅហាវ៉ៃបានស.ម្លា.ប់មនុស្ស៦៧នាក់បន្សល់ទុកនូវសោកនាដកម្មដ៏ឈឺចាប់

មន្ត្រីរដ្ឋហាវ៉ៃនៅថ្ងៃសុក្រ ១១ សីហា នៅតែព្យាយាមកំណត់ដើមចមដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅរាលដាលពាសពេញតំបន់ឡាហៃណា (Lahaina) នៅលើកោះ Maui ដ៏គួរឱ្យភ័យខ្លាចដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៦៧នាក់និងបំផ្លាញទីក្រុងរមណីយដ្ឋានប្រវត្តិសាស្ត្រទៀតផង…។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងថែមទៀត ខណៈដែលក្រុមជួយសង្រ្គោះបានដុតដៃដុតជើង បន្ទាប់ពីភ្លើងបានឆាបឆេះអគារចំនួនមួយពាន់ខ្នង ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។ បញ្ហានេះជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋហាវៃ។ អភិបាលក្រុងលោក ចូស ហ្គ្រីន(Josh Green) បានប្រាប់ CNN ដោយមិនស្ទាក់ស្ទើរថា៖ «ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត។ យើងមិនដឹងថានៅទីបំផុត តើមានមនុស្សប៉ុន្មាននាក់នឹងស្លាប់នោះឡើង»។    សូមងាកមកវិញថា គ្រោះមហន្តរាយបានចាប់ផ្តើមកើតឡើងបន្ទាប់ពីពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃអង្គារ ទី៨ខែសីហា នៅពេលដែលភ្លើងឆេះត្រូវបានរាយការណ៍នៅក្នុងទីក្រុងគូឡា (Kula) ដែលមានចម្ងាយប្រហែល ៥៦គីឡូម៉ែត្រពីទីក្រុងឡាហៃណា  ខណៈមនុស្ស​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឱ្យ​លោត​ចូល​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដើម្បី​សង្គ្រោះ​ខ្លួន​ឯង។  គួរបញ្ជាក់ថា ការឆាបឆេះនៅកោះ Maui រដ្ឋហាវៃ គឺជាភ្លើងឆេះព្រៃចុងក្រោយបំផុតដែលបានវាយប្រហារនៅរដូវក្ដៅនេះនៅជុំវិញពិភពលោក។ ក្រៅពីកោះហាវៃនេះ ព្រះអគ្គីបានបង្ខំមនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសក្រិក អេស្ប៉ាញ ព័រទុយហ្គាល់ និងផ្នែកផ្សេងទៀតនៃទ្វីបអឺរ៉ុបឱ្យជម្លៀសចេញ ខណៈដែលនៅភាគខាងលិចប្រទេសកាណាដាមានផ្សែងហុយចេញពីភ្លើងឆេះព្រៃដ៏សាហាវដែលបានគ្របដណ្ដប់លើតំបន់កណ្តាលខាងលិច និងឆ្នេរខាងកើតរបស់សហរដ្ឋអាម៉េរិកថែមទៀតផង៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង