រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឱ្យមនុស្ស ១១នាក់រងរបួសធ្ងន់ស្រាល
ខេត្តព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង រវាងរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ និងរថយន្តហាយលែនឌ័រ បានបុកគ្នាពេញទំហឹង បណ្ដាលឱ្យមនុស្សប្រុស-ស្រី ១១នាក់ រងរបួសធ្ងន់ស្រាល ចំណែកឯរថយន្ត រងការខូចខាតយ៉ាងដំណំ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ ធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦:៣៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវជាតិលេខ ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨៩-៩០ ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ នៅមុនពេលកើតហេតុ រថយន្តម៉ាក HIGHLANDER ពណ៍ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2AK-8914 អ្នកបើកបរ ឈ្មោះ ប៊ុន សំអូន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គសរ ស្រុកមេសាង ខេត្តព្រៃវែង បើកបរទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុខាងលើដោយសារស្ថានភាពងងុយដេក បានងោកមួយភាំង បណ្ដាលឱ្យរងយន្តរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកសាំងយ៉ុង ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-5630 បើកបរដោយឈ្មោះ ចឹក សាមន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្ដាលឱ្យ.រងរបួស ១១នាក់ (ស្រី ៩នាក់) ក្នុងនោះរងរបួសធ្ងន់ ៦នាក់ និងស្រាល ៥នាក់ រីឯរថយន្តទាំងសងខាង បានរងការខូចខាតយ៉ាងដំណំ ។ បច្ចុប្បន្ន អ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ដោយឡែករថយន្តទាំងសងខាង ត្រូវនគរបាលជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក រង់ចាំដោះស្រាយបន្តតាមនីតិវិធី ៕ សម្រួលដោយ ទៀង បុណ្ណរី







