នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ មនុស្ស៤នាក់ស្លាប់ដោយសារបរិភោគសត្វកំភេមខ្មោច និងសត្វស្រដៀងគ្នា

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែសីហានេះថា មានប្រជាពលរដ្ឋចំនួន៤នាក់ហើយនៅក្នុងខេត្តឧត្តមានជ័យ និងព្រះវិហារ បានស្លាប់ដោយសារបរិភោគសត្វកំភេមខ្មោច និងសត្វស្រដៀងគ្នា ដោយពុលនឹងជាតិ​ Cantharidin ដែលមាននៅក្នុងខ្លួនសត្វទាំងនេះ​។  បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC ក្រោយបរិភោគសត្វកំភេមខ្មោចនឹងបង្កឱ្យ​ពងមាត់​ ក្អួតឈាម​ បាត់បង់ស្មារតី​ នោមឈាម​ និងខូចតម្រងនោម​ និងបង្កឱ្យស្លាប់បាន​។ នាយកដ្ឋានក៏សូមឲ្យប្រជាពលរដ្ឋកុំបរិភោគសត្វល្អិត​ រុក្ខជាតិ​ ដែលមិនស្គាល់​ មិនដឹង​។  មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែសីហា បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅខេត្តព្រះវិហារទាំងអស់ កុំបរិភោគរុក្ខជាតិ និងសត្វល្អិតមួយចំនួនដែលមានប្រភពមិនច្បាស់លាស់ និងមិនធ្លាប់ស្គាល់ ព្រោះរបស់ទាំងអស់នេះ អាចធ្វើឱ្យពុល ឬ ប៉ះពាល់ដល់អាយុជីវិត។ មន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានអំពាវនាវបែបនេះ បន្ទាប់ពីប្តីប្រពន្ធ១គូ រស់នៅខេត្តនេះ បានស្លាប់ក្រោយពីបរិភោគសត្វកំភេមខ្មោច ដោយសង្ស័យថាពុល កាលពីថ្ងៃទី៤ ខែសីហា។  ការពុលនេះ បានកើតឡើងបន្ទាប់ពីបុរសជាប្តីបរិភោគកំភេមខ្មោចអស់៣ក្បាល ហើយប្រពន្ធបរិភោគអស់៥ក្បាល ហើយប្រមាណ១០នាទីក្រោយ ពួកគេក៏ក្អួត រមាស់ និងមានពងបែកក្នុងមាត់។ ទោះមានការជួយសង្រ្គោះពីគ្រូពេទ្យ ក៏មិនអាចជួយជីវិតពលរដ្ឋទាំង២នាក់នេះបានដែរ ដោយប្រពន្ធបានស្លាប់នៅថ្ងៃទី៥ ខែសីហា ប្តីស្លាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។  ក្រៅពីករណីខាងលើ មន្ទីរសុខភិបាលខេត្តព្រះវិហារ ក៏ធ្លាប់ឃើញប្រជាពលរដ្ឋមួយចំនួន គ្រោះថ្នាក់ដោយសារបរិភោគផ្សិត ឬ សត្វល្អិត ដែលមានសារធាតុពុល ជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាព។ ក្នុងនោះ ជនរងគ្រោះមួយចំនួនអាចសង្រ្គោះបាន ហើយមួយចំនួនទៀតក៏មិនអាចជួយសង្គ្រោះបានផងដែរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង