យុវជន៤នាក់ត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ

ខេត្តបន្ទាយមានជ័យ៖ យុវជន៤នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែសីហាឆ្នាំ២០២៣ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីកាប់យុវជនមួយក្រុមប្លន់យកម៉ូតូ។  លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលឃាត់បានរួមមាន៖ ទី១.ឈ្មោះ ឈឿត សម្បត្តិ អាយុ១៧ឆ្នាំ ទី២.ឈ្មោះ សំណាង អាណាន់ អាយុ២០ឆ្នាំ ទី៣.ឈ្មោះ នូ ណាវីន  អាយុ២៣ឆ្នាំ ទី៤.ឈ្មោះ មល់ ដេវីត អាយុ២៨ឆ្នាំ ទាំង៤នាក់ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់បានមានដូចជា៖ កាំបិតកែច្នៃ០១ កាំបិតផ្គាក់ដងឈើ០១ ពូថៅដងឈើ០១ បំពង់ទីបដែកពណ៌ស(ដងឆ័ត្រ) ចំនួន០១ម៉ូតូ៣គ្រឿង(០១គ្រឿងជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់វិញ)។  លោក​បន្តថា កាលពីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះ រួមនិងមិត្តភក្ដិ្ត០៧នាក់បាននាំគ្នាជិះម៉ូតូ០៣គ្រឿង ចេញពីភ្នំស្រុក ទៅក្រុងសិរីសោភ័ណ ដើម្បីទៅកម្មវិធីខួបកំណើតអ្នកភូមិរៀនជាមួយគ្នា។​ រហូតដល់ម៉ោង០១ :៣០នាទី រំលងអាធ្រាត្រចូលថ្ងៃទី០៨  ជនរងគ្រោះ និងមិត្តភក្តិ ក៏បាននាំគ្នាជិះម៉ូតូត្រឡប់ទៅស្រុកភ្នំស្រុកវិញ ខណៈជិះដល់ចំណុចហាងលក់ស៊ុបស្មងគោ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្រាប់តែមានក្មេងស្ទាវ០១ក្រុម ពុំដែលស្គាល់ជិះម៉ូតូ០៣គ្រឿងមានកាន់កាំបិត ជិះបញ្ច្រាស់ទិសគ្នាត្រលប់ក្រោយ។ តាមកាប់ពេលនោះជនរងគ្រោះផ្តួលម៉ូតូ ដើម្បីគេចខ្លួនក្រោយមកក៏បានត្រឡប់ទៅយកម៉ូតូស្រាប់តែបាត់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថក្រុងសិរីសោភ័ណតែម្ដង។  ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយការិយាល័យព្រហ្មទណ្ឌ បើកការស្រាវជ្រាវចុះដល់កន្លែងកើតហេតុ និងពិនិត្យកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ រហូតកំណត់បាននូវមុខសញ្ញា និងពិនិត្យឃើញថាជនសង្ស័យមានគ្នាប្រហែល១០នាក់ ឈានដល់ឃាត់ជនសង្ស័យចំនួន៤នាក់ ដោយឡែកបក្ខពួកមួយចំនួនទៀតរត់គេចខ្លួនបាត់។ ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមពួកគេពិតជាបានធ្វើសកម្មភាពដេញកាប់ និងប្លន់យកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន៕​   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង