កូរ៉េខាងត្បូងងងឹតមុខឈឹង ក្រោយកម្មវិធីបោះជំរំកាយរឹទ្ធិពិភពលោក ញាំញីដោយបញ្ហា

ចាប់តាំងពីថ្ងៃចាប់ផ្តើម កម្មវិធីបោះជំរំកាយរឹទ្ធិពិភពលោក នៅប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២៣ បានប្រឈមនឹងបញ្ហារាប់ជំពូក។ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ កម្មវិធីនេះ ត្រូវបានរំខានដោយរលកកម្តៅ ខ្យល់ព្យុះទីហ្វុង បញ្ហាសុខភាព និងភាពចម្រូងចម្រាសពាក់ព័ន្ធនឹងមេកាយរឹទ្ធបុរសថៃ បានបន្លំចូលក្នុងបន្ទប់ទឹកកាយឫទ្ធិនារី…។  កាលពីថ្ងៃអង្គារទី៨ ខែសីហា កន្លងទៅ កូរ៉េខាងត្បូងបានជម្លៀសក្រុមយុវជនក្នុងជំរំកាយរឹទ្ធិ ទៅកាន់កន្លែងសុវត្ថិភាព ខណៈព្យុះទីហ្វុងខិតជិតមកដល់ ដែលជាការរំខានចុងក្រោយបំផុត ចំពោះកម្មវិធីបោះជំរំកាយឫទ្ធិពិភពលោក។ រថយន្តក្រុងជាង ១០០០គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីផ្លាស់ទីអ្នកចូលរួមការបោះជំរំចេញពីភាគនិរតី ក្រោយត្រូវបានព្យាករណ៍ថា ជាតំបន់ដែលព្យុះទីហ្វុងខាណុន (Khanun) វាយប្រហារ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក លី សាងមីន (Lee Sang-min) បានប្រាប់អ្នកយកព័ត៌មានថា មានមនុស្សប្រហែល៣៦០០០នាក់ ចូលរួមកម្មវិធីបោះជំរំកាយរឹទ្ធិពិភពលោក ប៉ុន្តែជាង២ភាគ៣ ត្រូវបានជម្លៀសចេញរួចហើយ។ លោក លី បន្ថែមថា ទីក្រុងសេអ៊ូល និងខេត្ត Gyeonggi ព្រមទាំងតំបន់មួយចំនួនទៀត នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីបន្តដំណើរការកម្មវិធីបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥នេះ។ លោកបានបន្ថែមថា រថយន្តប៉ូលិស និងឧទ្ធម្ភាគចក្រធ្វើដំណើរអមក្បួន ដើម្បីការពារសុវត្ថិភាព។  អ្នករៀបចំកូរ៉េខាងត្បូង មានបំណងកាត់បន្ថយបញ្ហាបន្ថែមទៀតក្នុងកម្មវិធីបោះជំរំកាយរឹទ្ធិពិភពលោក ដែលជាការប្រមូលផ្តុំក្រុមកាយរឹទ្ធិជាសកលលើកដំបូង ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ ផ្ទុះឡើង។ ចាប់តាំងពីព្រឹត្តិការណ៍នេះ បានចាប់ផ្តើមកាលពីសប្តាហ៍មុន អ្នកចូលរួមរាប់រយនាក់បានធ្លាក់ខ្លួនឈឺ ដោយសាររលកកម្តៅ ដែលបង្កឱ្យមានការរិះគន់ពីសាធារណជន និងឪពុកម្តាយអំពីកង្វះការរៀបចំ។ ក្រុមកាយរឹទ្ធិជនជាតិអង់គ្លេស បានចាកចេញព្រឹត្តិការណ៍ ដោយលើកឡើងពីបញ្ហាអនាម័យ និងគុណភាពអាហារមិនល្អ ក្នុងចំណោមកង្វល់ផ្សេងៗទៀត ក្រោយមកក្រុមកាយរឹទ្ធិសហរដ្ឋអាម៉េរិកក៏បានចាកចេញផងដែរ។ លោក អាម៉ាត់ អាល់ហេនដាវី (Ahmad Alhendawi) អគ្គលេខាធិការនៃអង្គការពិភពលោក នៃចលនាកាយឫទ្ធិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នេះជាលើកដំបូងក្នុងរយៈពេលជាង១០០ឆ្នាំ ដែលក្រុមកាយឫទ្ធិពិភពលោក ត្រូវប្រឈមមុខនឹងបញ្ហាដ៏ធំបែបនេះ»។  លើសពីនេះ កាយរឹទ្ធិកូរ៉េខាងត្បូងចំនួន៨០នាក់ បានសម្រេចចិត្តដើរចេញពីកម្មវិធីតែម្ដង ដោយសារតែភាពចម្រូងចម្រាសពាក់ព័ន្ធនឹងមេកាយរឹទ្ធបុរសថៃ បានបន្លំចូលក្នុងបន្ទប់ទឹករបស់កាយរឹទ្ធិនារី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ជាភាសាអង់គ្លេស Khaosod English។ យោងតាមទីភ្នាក់ងារអាកាសធាតុបានឱ្យដឹងថា ព្យុះទីហ្វុងខាណុន បានឆ្លងកាត់ភាគខាងត្បូងប្រទេសជប៉ុន និងកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសកូរ៉េខាងត្បូង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ក្នុងល្បឿន១២៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះនឹងវាយលុកតំបន់ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ដោយជំរុញឱ្យរដ្ឋាភិបាលបង្កើនការជូនដំណឹងអំពីព្យុះទីហ្វុងរបស់ខ្លួនដល់កម្រិតខ្ពស់បំផុត និងបិទផ្លូវមួយចំនួន តាមភ្នំ និងឆ្នេរសមុទ្រ។ ជុំវិញបញ្ហានេះ លោកប្រធានាធិបតី យូន ស៊ុកយុល (Yoon Suk Yeol) បានអំពាវនាវឱ្យមានការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់សម្រាប់ព្យុះទីហ្វុង ដោយព្រមានពីការខូចខាតបន្ថែមទៀត ជាពិសេសនៅតំបន់ដែលរងវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងកាលពីខែមុន។ លោកបានបានប្រាប់កិច្ចប្រជុំបន្ទាន់ដែលធ្វើឡើងសម្រាប់ព្យុះទីហ្វុងថា៖ «យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីធានាសុវត្ថិភាពរបស់អ្នកចូលរួម រហូតដល់ចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ ដូច្នេះយុវជនមកពីជុំវិញពិភពលោកអាចត្រឡប់ទៅផ្ទះវិញជាមួយនឹងបទពិសោធដ៏ល្អ»។  ប៉ូឡូញគ្រោងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កម្មវិធីបោះជំរំកាយឫទ្ធិពិភពលោក នៅឆ្នាំ២០២៧ ប៉ុន្តែប្រធានាធិបតី Andrzej Duda បានលុបចោលផែនការចូលរួមពិធីបិទឆ្នាំនេះ ដោយសារព្យុះទីហ្វុង នេះបើតាមមន្ត្រីនៅស្ថានទូតប៉ូឡូញ។ ទន្ទឹមគ្នានោះ ក្រសួងវប្បធម៌សេអ៊ូលបានឱ្យដឹងថា ពិធីបិទដែលនឹងមានការប្រគំតន្ត្រីដោយក្រុមតារាK-pop នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍នៅឯកីឡដ្ឋាន Seoul World Cup ជំនួសវិញ។ ប្រទេសកូរ៉េខាងត្បូង បានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមទាំងកីឡាអូឡាំពិករដូវក្ដៅ និងរដូវរងា ក៏ដូចជាការរួមគ្នាធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោកជាមួយប្រទេសជប៉ុនផងដែរ បន្ថែមលើនោះ ទីក្រុងកំពង់ផែប៊ូសានបច្ចុប្បន្នកំពុងដេញថ្លៃធ្វើជាម្ចាស់ផ្ទះពិពណ៌នៅឆ្នាំ២០៣០ បន្ថែមទៀត។ ទន្ទឹមនឹងនោះ នៅរសៀលថ្ងៃពុធទី៩សីហានេះ មានករណីរថយន្តក្រុងទេសចរណ៍ដឹកក្រុមកាយរឹទ្ធិមកពីប្រទេសស្វីស៣៦នាក់ ជាមួយនឹងមេដឹកនាំក្រុមម្នាក់ បានបុកជាមួយរថយន្តក្រុងក្នុងស្រុកមួយនៅទីក្រុង Suncheon ខេត្ត Jeolla ខាងត្បូង។ យោងតាមសារព័ត៌មាន Yonhap ក្រុមកាយរឹទ្ធិស្វីសបីនាក់បានរងរបួសស្រាល ហើយអ្នកដំណើរ៥នាក់នៅលើរថយន្តក្រុងក្នុងស្រុក ក៏បានរងរបួសផងដែរ និងកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ៕   សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង