ពលរដ្ឋស្រុកសាលាក្រៅទទួលបានពូជឃ្មុំ និងសម្ភារចិញ្ចឹម ពីអង្គការសាម៉ារីតាន់ភឺសសង្គ្រោះអន្តរជាតិ បង្កើនចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម

ខេត្តប៉ៃលិន៖ អង្គការ Samaritan push (សាម៉ារីតាន់ ភឺស) សង្គ្រោះអន្តរជាតិ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ បានចែកពូជឃ្មុំ និងសម្ភារចិញ្ចឹមឃ្មុំ នៅបរិវេណសាលាស្រុក​សាលាក្រៅ ខេត្តប៉ៃលិន​ ដល់ពលរដ្ឋចំនួន៣០គ្រួសារ ដើម្បីរកប្រាក់ចំណូលបន្ថែម និងជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង…។  លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ក្នុងមួយគ្រួសារទទួលបាន ពូជឃ្មុំចំនួន៥ធុង (១ធុងមាន៨ផ្លិត), ធុងវៃទឹកឃ្មុំទទួលបាន១ក្នុងមួយក្រុម ធុងគ្មានឃ្មុំចំនួន៥ធុង សម្ភារចិញ្ចឹមឃ្មុំ១ឈុតមាន មួក១ ស្រោមដៃ១គូ ច្រាស១ បំពង់ផ្សែង១ កាំបិតជៀរក្បាលទឹក១ តម្រងទឹកឃ្មុំ១។ លោកបន្តថា អង្គការ Samaritan push (សាម៉ារីតាន់ភឺស ) សង្គ្រោះអន្តរជាតិ តែងតែផ្តល់ពូជឃ្មុំ និងសម្ភារចិញ្ចឹមឃ្មុំជាបន្តបន្ទាប់ដល់ប្រជាសហគមន៍ក្នុងស្រុកសាលាក្រៅ ព្រមទាំងជួយបណ្ដុះបណ្ដាលឱ្យចេះពីវិធីចិញ្ចឹមឃ្មុំ ការផលិតយកទឹកឃ្មុំសម្រាប់លក់ ដើម្បីបង្កើនប្រាក់ចំណូលក្នុងជីវភាពគ្រួសារដែលរស់នៅក្នុងតំបន់នោះ។ បច្ចុប្បន្នប្រជាសហគមន៍ដែលបានចិញ្ចឹមឃ្មុំ សរុបជាង៣០គ្រួសារ ហើយមានធុងដែលជាសំបុកសត្វឃ្មុំសម្រាប់ចិញ្ចឹមនោះ គឺប្រមាណត្រឹម១០០ធុងប៉ុណ្ណោះ។ ចំពោះទឹកឃ្មុំដែលសហគមន៍ប្រមូលផលបាន គឺមានទីផ្សារច្រើនដោយសារទឹកឃ្មុំសុទ្ធល្អ គ្មានការលួចបន្លំ ឬលាយអ្វីនោះឡើយ ជាពិសេស ការផលិតទឹកឃ្មុំ គឺមានលេខកូដសម្គាល់របស់សហគមន៍។  បន្ថែមលើសនេះ លោកបន្តថា ការចិញ្ចឹមឃ្មុំនេះ បានធ្វើឱ្យជីវភាពគ្រួសារធូរជាងមុន ដែលអាចជួយដោះស្រាយបានមួយផ្នែក ក្នុងការទិញរបស់ប្រើប្រាស់ ផ្គត់ផ្គង់ការសិក្សាដល់កូនចៅ និងបង់ធនាគារផងដែរ។ ប៉ុន្តែការចិញ្ចឹមសត្វឃ្មុំយកទឹកនេះក៏ជួបផលវិបាក គឺការបម្លាស់ទីរបស់ធុង (សំបុកឃ្មុំ) ពីមួយកន្លែងទៅមួយកន្លែងទៀត ធ្វើបានតែនៅពេលយប់តែប៉ុណ្ណោះ។ រីឯពេលថ្ងៃមេឃ្មុំហើរចេញពីសំបុកដើម្បីរកចំណី ដូច្នេះមិនអាចយកធុងរបស់វាទៅអស់ទេ។ សូមជម្រាបថា ក្រៅពីការប្រកបរបរកសិកម្មដូចជាការធ្វើចម្ការ ដាំដុះទុរេន សាវម៉ាវ ដំឡូងមី និងមៀនប៉ៃលិន ប្រជាសហគមន៍ដែលរស់នៅក្នុងសហគមន៍ស្រុកសាលាក្រៅ ស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្ដប៉ៃលិន បាននាំគ្នាចិញ្ចឹមឃ្មុំ ខណៈផលិតផលទឹកឃ្មុំនេះបានផ្ដល់ផលល្អ និងជាមុខរបរមួយមានទីផ្សាររល្អសម្រាប់ពួកគាត់នាពេលបច្ចុប្បន្ននេះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង