ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ សាងសង់សម្រេចបានជាង ១៤ភាគរយហើយ
ក្រចេះ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ដែលមានប្រវែងជាង១ពាន់ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គិតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២៣ សម្រេចការសាងសង់បាន ១៤.១០ ភាគរយហើយ។ នេះបើតាមលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានប្រាប់ឱ្យដឹងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។ ការដ្ឋានសាងសង់ចំពោះមុខគឺបានឃើញសសរស្ពានសាងសង់ស្ទើររួចរាល់ពីក្នុងទឹកទន្លេហើយ ដែលការដ្ឋានសាងសង់នេះ ត្រូវបានប្រកាសបើកកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ គម្រោងនេះអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ SCG និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែ នឹងបញ្ចប់នៅឆ្នាំ២០២៦ ដែលគ្រោងចំណាយថវិកាប្រមាណជាង ១១៤ លានដុល្លារ។ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ដែលក្នុងនោះស្ពានឆ្លងកាត់ទន្លេមេគង្គមានប្រវែង ១ ៧៦១ ម៉ែត្រ គឺត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ រួមមានផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ ខ្សែនៅក្នុងក្រុងក្រចេះមានប្រវែង ១៦,២០ គីឡូម៉ែត្រ។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះរួមជាមួយនឹងផ្លូវតភ្ជាប់ គឺជាគម្រោងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹម រវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋរស់នៅត្រើយខាងលិច រួមទាំងតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជនផងដែរ។ ក្រោយពេលស្ពាន និងផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នោះ ការលំបាករបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយក្នុងនោះការចំណាយលើការឆ្លងទន្លេក៏ត្រូវបានលុបបំបាត់ ហើយចំណេញទាំងពេលវេលាផងដែរ។ ស្ពាន និងផ្លូវតភ្ជាប់នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅប្រកបមុខរបរប្រចាំថ្ងៃជាពិសេសទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅពេលបងប្អូនប្រជាពលរដ្ឋត្រូវការសង្គ្រោះបន្ទាន់ម្តងៗព្រមទាំងជួយសម្រួលដល់ក្មួយៗសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាពផងដែរ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ពាននេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗដូចជាត្រើយខាងលិចតភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ ៧១A តាមបណ្តោយមាត់ទន្លេមេគង្គឆ្ពោះទៅខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាមនៅផ្នែកខាងក្រោមទន្លេមេគង្គ។ ចំណែកនៅត្រើយខាងកើតវិញតភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តកំពង់ចាមឬខេត្តព្រៃវែង និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ៕ សម្រួលដោយ ទៀង បុណ្ណរី