ប្រជាជនថៃ ងាកមកត្រូវប៉ាន់ភេសជ្ជៈរបស់លោក Pita និងចំអកដល់ទឹកសូកូឡាបក្សភឿថៃ
ភេសជ្ជៈមួយប្រភេទដែលមានឈ្មោះថា Pracha-Choc កំពុងត្រូវប៉ាន់ពីសំណាក់មហាជនដល់ថ្នាក់ឈរតម្រង់ជួរសម្រុកទិញ ខណៈដែល mint-chocolate របស់បក្សភឿថៃ ត្រូវគេច្រានចោលដោយសារនយោបាយខ្លាំងពេក។ តាមរយៈទំព័រហ្វេសប៊ុកហាង SOL Bar & Bistro បានបង្កការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី០៨ ខែសីហា ដោយបង្ហាញមីនុយពិសេសឈ្មោះថា Pracha-Choc ជាមួយនឹងការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃសូកូឡានិងទឹកដោះគោពណ៌ផ្កាឈូក។ ជាពិសេសហាងកាហ្វេមួយនេះបានក្លាយជាបារពេលយប់ ដែលសមស្របនឹងអ្វីដែលគណបក្សចលនាឆ្ពោះទៅមុខព្យាយាមជំរុញគោលនយោបាយ “ស្រារីកចម្រើន”ហើយសង្ឃឹមថានឹងបង្កើនតម្លៃផលិតកម្ម បង្កើនប្រាក់ចំណូលកសិករផងដែរ។ ទោះយ៉ាងណាក៏ដោយ Pracha-Choc មិនត្រឹមតែចំអកដល់ភេសជ្ជៈមានរសជាតិឈ្ងុយឆ្ងាញ់ពិសេសរបស់ភឿថៃប៉ុណ្ណោះទេ ឈ្មោះខ្លួនវាក៏ត្រូវរ៉ូវជាមួយពាក្យតក់ស្លុត ដែលអាចសំដៅលើការតក់ស្លុតរបស់ប្រជាជនចំពោះចលនានយោបាយថ្មីៗរបស់ភឿថៃ។ យ៉ាងណាមិញក្រោយការបង្ហោះនោះត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម ទទួលបានការឆ្លើយតបយ៉ាងលើសលប់ពីអ្នកនិយមលេងអ៊ីនធឺណិត ចំនួននៃការ Like និង Share បានកើនឡើងយ៉ាងខ្លាំង។ រហូតក្លាយជាចលនាលើអនឡាញ មនុស្សជាច្រើនបានចង្អុលបង្ហាញថាវាជាគំនិតមួយអស្ចារ្យបំផុតក្នុងការបំភ្លេចភេសជ្ជៈរបស់កូនស្រីលោកថាក់ស៊ីន។ ដោយឡែកឃ្លិបវីដេអូ TikTok របស់អ្នកប្រើប្រាស់ឈ្មោះ sandrakpong បានសាយភាយត្រឹមពេលមួយយប់ ដែលក្នុងនោះគាត់បានភ្លក់ភេសជ្ជៈ Pracha-Choc របស់បក្សចលនាឆ្ពោះទៅមុខ។ គាត់និយាយលេងសើចថា វាគឺជាការលាយឡំគ្នារវាងគណបក្សភឿថៃ, បក្ស Palang Pracharath, បក្ស Seri Ruam Thai និងគណបក្ស Bhumjaithai ។ វីដេអូនោះបានទាក់ទាញអ្នកចូលមើលជាង ១.៥ លានដង ជាមួយនឹងការចូលចិត្ត ១៦៧,០០០ និងជាង ១១,០០០ share រហូតមកដល់ពេលនេះ៕ សម្រួលដោយ ទៀង បុណ្ណរី