រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីការកែប្រែឧទ្យានជាតិចំនួន៥ ធានាការការពារធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី៨សីហា បានចេញអនុក្រឹត្យចំនួន៥ផ្សេងៗគ្នា ស្តីពីការការកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ឧទ្យានជាតិបទុមសាគរ ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ឧទ្យានជាតិកែប និងឧទ្យានជាតិវើនសៃ-សៀមប៉ាង។ អនុក្រឹត្យទាំងនោះ បានចុះហត្ថលេខាផ្ទាល់ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។  អនុក្រឹត្យទី១-កែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ទៅជាឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងកែប្រែពីផ្ទៃដីទំហំ៣៧៥០០ហិកតា មកផ្ទៃដីទំហំ៦២៨៨៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកា (តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យនេះ។ ផ្ទៃដីឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទដីទំហំ៣៧៥០០ហិកតា ដូចមានចែងក្នុងព្រះរាជក្រឹត្យស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ២៥៣៨៣ហិកតា ដូចមានចែងក្នុងអនុក្រឹត្យស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។  អនុក្រឹត្យទី២-កែប្រែឧទ្យានជាតិបទុមសាគរ ពីផ្ទៃដីទំហំ១៧១២៥០ហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ មកផ្ទៃដីទំហំ១៤៣៨៩៥ហិកតា ស្ថិតក្នុងភូមិសាស្ត ខេត្តកោះកុង ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកា(តាមប្រព័ន្ធកូអរដោណេ Project UI’M Zone 48N Datum WGS 1984 )ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។ អនុក្រឹត្យទី៣-កែប្រែឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ពីផ្ទៃដីទំហំ១៥៤ ៤៥៨ហិកតា មកផ្ទៃដីទំហំ១៥៦ ១១៦ហិកកា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និង និយាមកា(តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984)ភ្ជាប់ក្នុងឧបសម្ព័ន្ធ២ន អនុក្រឹត្យនេះ។ យ៉ាងណាមិញ ផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»ខាងលើ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ១៥៤ ៤៥៨ហិកតា ដែលមានចែងក្នុងអនុក្រឹត្យស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១ ៦៥៨(មួយពាន់ប្រាំមួយ រយហាសិបប្រាំបី)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។   អនុក្រឹត្យទី៤-កែប្រែឧទ្យានជាតិកែប ពីផ្ទៃដីទំហំ១ ១៥២ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ១៣៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិកែបមកផ្ទៃដីទំហំ១ ២៣០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប ដូចមានផែនទីភ្ជាប់ក្នុង ឧបសម្ព័ន្ធ១និងនិយាមកា(តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ និងអនុក្រឹត្យទី៥-កែប្រែឧទ្យានជាតិវើនសៃ-សៀមប៉ាង ពីផ្ទៃដីទំហំ៥៧ ៤៦៩ហិកតា មកផ្ទៃដីទំហំ២៨០ ៣៥៩ហិកតា ស្ថិតក្នុងភូមិសាស្ត ខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកា(តាមប្រព័ន្ធកូអរដោណ Project UTM Zone 48N Datum WGS 1984 ) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។ ផ្ទៃដីឧទ្យានជាតិវើនសៃ-សៀមប៉ាងខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ៥៧ ៤៦៩ហិកតា ដូចមានចែងក្នុងអនុក្រឹត្យស្តីពីការបង្កើតតំបន់ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឦសាន ដែលមានផ្ទៃដីទំហំ២២២ ៨៩០ហិកតា ដូចមានចែងក្នុងអនុក្រឹត្យស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។  រាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា អនុក្រឹត្យនេះមានគោលបំណងសំខាន់ៗមួយចំនួន រួមមាន៖ ធានាការថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះសម្រាប់វិទ្យាសាស្រ្ត ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត។ ម្យ៉ាងវិញទៀត អនុក្រឹត្យនេះនឹងជួយលើកកម្ពស់តួនាទី សក្តានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ, ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារ បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង