កម្ពុជានាំចេញកសិផលបានជាង ២ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំនេះ

ភ្នំពេញ : នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ មានចំនួន ២ ៦២៩ ៥៩៦ ៥២៤,៥៦ដុល្លារអាមេរិក ដែលក្នុងនោះ តម្លៃពីការនាំចេញអង្ករមានចំនួន ៣១៣ ៧៤២ ៤២០ដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួន ៥០៤ ៧១៤ ៣៧២ ដុល្លារអាមេរិក និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ ៨១១ ១៣៩ ៧៣២,៥៦ដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា នៅថ្ងៃអង្គារ ។   យោងតាមរបាយការណ៍ ការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ឃើញថា មានកំណើនចំនួន ៣,៣២% ដែលនេះជាសញ្ញាណវិជ្ជមានមួយឈានទៅរកការកើនឡើងនៅពេលវេលាខាងមុខ។ កើនឡើងដោយសារតែ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន។  របាយការណ៍បញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៤ ៥១៤ ៨៩៣,៧៤តោន (អង្ករចំនួន ៣៦២ ៧០៨,០០តោន ស្រូវចំនួន ១ ៥១០ ៨៥០,០០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៦៤១ ៣៣៥,៧៤តោន) ទៅកាន់ទិសដៅ ៦៨ប្រទេស ដោយមានការថយចុះចំនួន -១៩,២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។ តម្លៃអង្ករលើទីផ្សារអន្តរជាតិបាននិងកំពុងហក់ឡើង។ ម្ល៉ោះហើយ កម្ពុជាកំពុងតែសិក្សាអំពីយុទ្ធសាស្ត្រដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ចពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃនិងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមការបញ្ជាក់ ពីអ្នកនាំពាក្យ ក្រសួងកសិកម្ម ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង