កូរ៉េខាងត្បូង ជម្លៀសអ្នកចូលរួមកម្មវិធីបោះជំរំកាយឫទ្ធិពិភពលោក គេចចេញពីព្យុះទីហ្វុង ខណៈជប៉ុនក៏រងផលប៉ះពាល់
កូរ៉េខាងត្បូង នៅថ្ងៃអង្គារទី៨ ខែសីហា បានជម្លៀសអ្នកចូលរួមក្នុងកម្មវិធីបោះជំរំកាយឫទ្ធិពិភពលោកលើកទី២៥ ពីកន្លែងបោះជំរំនៅភាគនិរតីនៃប្រទេស ទៅកាន់តំបន់សុវត្ថិភាព មុនពេលព្យុះទីហ្វុងកំណាចមកដល់។ ទន្ទឹមនឹងនោះ ប្រទេសជប៉ុន ក៏កំពុងត្រៀមខ្លួនទទួលព្យុះទីហ្វុងខាន់ណុន ដែលមានខ្យល់នឹងបោកបក់ខ្លាំង រួមជាមួយការធ្លាក់ភ្លៀងខ្លាំងផងដែរ…។ ការជម្លៀសនេះ គឺជាឧបសគ្គចុងក្រោយបំផុតសម្រាប់ក្រុមកាយឫទ្ធិ បន្ទាប់ពីមនុស្សរាប់រយនាក់បានធ្លាក់ខ្លួនឈឺ ដោយសាររលកកម្តៅក្ដៅខ្លាំង និងចំពេលមានការត្អូញត្អែរកាន់តែខ្លាំងឡើងពីឪពុកម្តាយមកពីសហរដ្ឋអាម៉េរិក និងអង់គ្លេស ដែលជំរុញឱ្យកូនៗដកខ្លួនចេញពីក្រុមកាយឫទ្ធិ។ លោក អាម៉ាត់ អាល់ហេនដាវី (Ahmad Alhendawi) អគ្គលេខាធិការនៃអង្គការពិភពលោក នៃចលនាកាយឫទ្ធិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នេះជាលើកដំបូងក្នុងរយៈពេលជាង១០០ឆ្នាំ ដែលក្រុមកាយឫទ្ធិពិភពលោក ត្រូវប្រឈមមុខនឹងបញ្ហាដ៏ធំបែបនេះ»។ រថយន្តក្រុងជាង១ពាន់គ្រឿង កំពុងត្រូវបានដាក់ពង្រាយដើម្បីដឹកជញ្ជូនក្រុមកាយឫទ្ធិចំនួន៣៦០០០នាក់ ដែលនៅសេសសល់នៅកន្លែងបោះជំរំមកពីជាង១៥០ប្រទេស នេះបើយោងតាមមន្ត្រី។ យោងតាមអ្នកព្យាករណ៍អាកាសធាតុ ព្យុះទីហ្វុង «ខាន់ណុន» ដែលបានបង្កការបំផ្លិចបំផ្លាញរួចហើយនៅភាគខាងត្បូងប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងបោកបក់មកលើតំបន់ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍។ ទីក្រុង និងខេត្តចំនួនប្រាំបី រួមទាំងទីក្រុងសេអ៊ូល និងខេត្ត Gyeonggi នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីបន្តដំណើរការកម្មវិធីបោះជំរំកាយឫទ្ធិពិភពលោកលើកទី២៥ ដែលមានអ្នកចូលរួមចំនួន៤០០០នាក់។ ជុំវិញបញ្ហានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល (Yoon Suk Yeol) កាលពីថ្ងៃចន្ទទី៧សីហា បានបញ្ជាឱ្យក្រុមឆ្លើយតបបន្ទាន់មួយ ដើម្បីជួយសម្រួលដល់កម្មវិធីឱ្យដំណើរការដោយរលូន។ ប្រទេសក្បែរខាងកូរ៉េខាងត្បូង ជប៉ុនក៏ទទួលរងឥទ្ធិពលពីព្យុះទីហ្វុងផងដែរ។ តំបន់ជាច្រើននៃប្រទេសជប៉ុន កំពុងទប់ទល់នឹងព្យុះទីហ្វុង ខាន់ណុន ខណៈដែលទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះព្រមានពីការខូចខាតដោយសារខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។ ទីភ្នាក់ងារឧតុនិយមបានអះអាងថា ព្យុះទីហ្វុងកំពុងបោកបក់ប្រហែល១៦០គីឡូម៉ែត្រ ភាគខាងកើត-ឦសាននៃទីក្រុងអាម៉ាមី (Amami) នៅភាគនិរតីប្រទេសជប៉ុន ហើយនឹងរំកិលទៅភាគខាងជើងបន្តិចម្ដងៗ។ លើសពីនេះ JMA បានបង្ហាញថា៖«ដោយសារតែចលនាយឺតៗនៃព្យុះទីហ្វុង និងឥទ្ធិពលអូសបន្លាយរបស់វា ទឹកភ្លៀងសរុបអាចលើសពីបរិមាណទឹកភ្លៀងប្រចាំខែធម្មតាក្នុងខែសីហា»៕ សម្រួលដោយ ទៀង បុណ្ណរី