កម្ពុជា ជំរុញបង្កើតសមាគមដើម្បីអភិវឌ្ឍ​វិស័យសូត្រ

កម្ពុជា ជំរុញឱ្យមានការបង្កើតសមាគមសូត្រតាមតំបន់ដែលផលិតសូត្រដូចជា សមាគមសូត្រស្រុកសំរោងនៅខេត្តតាកែវ សមាគមមជ្ឈមណ្ឌលសិប្បកម្មខ្មែរនៅខេត្តកំពង់ធំ សមាគមអភិវឌ្ឍន៍វិស័យសូត្រវិសិដ្ឋទេវី សមាគមទ្រទ្រង់​ស្រ្តីតម្បាញ​និងអភិវឌ្ឍន៍សូត្ររនះ និងសមាគមកីតម្បាញខ្មែរនៅកោះដាច់ រាជធានីភ្នំពេញ  ព្រមទាំងជំរុញការប្រើប្រាស់​ផលិត​ផលសូត្រខ្មែរទៅដល់អតិថិជនក្នុង និងក្រៅប្រទេសតាមរយៈការរៀបចំព្រឹត្តិការណ៍សូត្រនៅខេត្តសៀមរាប។  ទាក់ទិននឹងបញ្ហានេះ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានរៀបចំជំនួបពិភាក្សារវាង​គណៈកម្មការ​ជំរុញ និងអភិវឌ្ឍវិស័យសូត្រកម្ពុជា (SDC) និងសហព័ន្ធសូត្រអន្តរជាតិ (ISU) ជាមួយវិស័យឯកជន កាលពីចុង​សប្តាហ៍មុន។ ដើម្បីអភិវឌ្ឍវិស័យនេះ លោក ម៉ៅ ថូរ៉ា បានចូលជាសមា​ជិករបស់សហព័ន្ធសូត្រអន្តរជាតិ (ISU) និងចុះអនុស្សារណៈ​​នៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ នៅទីក្រុងហាំងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង​បានបញ្ជូនសមាជិក SDC ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាកែច្នៃ និងនវានុវត្តន៍រចនាបទ​ផលិតផលសូត្រ​សម័យទំនើប ចំនួន៣លើក និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយសហព័ន្ធសូត្រអន្តរជាតិ (ISU)ចំនួន២លើក នៅទីក្រុង​ហាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។ លើសពីនេះទៀត បានសិក្សាបង្កើតឱ្យមានម៉ាកសមូហភាពសូត្រកម្ពុជា ដើម្បីលើកកម្ពស់ផលិតផលសូត្រខ្មែរ និងការពារ​ផលិតផលសូត្រខ្មែរពីផលិតផលសូត្រក្លែងបន្លំ។ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តស្វែងរកកិច្ចសហការជាមួយដៃគូក្នុងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ NGO សំដៅដោះ​ស្រាយបញ្ហាអាទិភាព និងរៀបចំគម្រោងអាទិភាពសំខាន់ៗសម្រាប់ទ្រទ្រង់ និងការអភិវឌ្ឍន៍។ លោក Zhang Quoqiang ប្រធានសហព័ន្ធសូត្រអន្តរជាតិ បានលើកឡើងអំពីសម្ព័ន្ធសូត្រអន្តរជាតិ បង្ហាញពីវឌ្ឍន​ភាពនៃការគាំទ្ររបស់ ISU លើវិស័យសូត្រ និងពិភាក្សាអំពីគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការ​អភិវឌ្ឍវិស័យសូត្រ សំដៅស្វែងយល់ពីឱកាសវិនិយោគលើវិស័យសូត្រនៅកម្ពុជា ។ បន្ថែមពីនេះ លោកក៏បាន​បង្ហាញអំពីក្រុមហ៊ុន Cathaya ដែលបានសហការជាមួយ ISU ក្នុងការបង្កើតសមាគមសូត្រអន្តរជាតិ ដោយផ្តួច​ផ្តើមគំនិតរបស់ក្រសួងឧស្សាហកម្មនៃសាធារណៈរដ្ឋប្រមានិតចិន ដែលផ្តោតសំខាន់លើការដាំមន និងចិញ្ចឹមដង្កូវនាង ។  លោកក៏បានស្នើសុំ SDC ចូលជាសមាជិកក្នុងសមាគមសូត្រអន្តរជាតិ និងមានគម្រោងវិនិយោគលើវិស័យបន្ថែម​នៅប្រទេស​កម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោកបានស្នើសុំការជួយសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម ដើម្បីជា​ពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (កម្ពុជា) និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាពេលខាងមុខ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង