សហរដ្ឋអាមេរិក ប្រុងជើងការ ត្រៀមទប់ទល់នឹងព្យុះកំបុតត្បូង ដ៏កាចសាហាវ
ការិយាល័យរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងទីក្រុងវ៉ាស៊ីនតោន ត្រូវបិទទ្វារនៅថ្ងៃអង្គារទី៨ខែសីហា ដោយសារព្យុះកាន់តែខិតជិតមកដល់ ខណៈប្រជាជននៅទូទាំងភាគខាងកើតសហរដ្ឋអាមេរិក ត្រូវបានព្រមានអំពីខ្យល់ព្យុះកំបុតត្បូងយ៉ាងកាចសាហាវ និងការធ្លាក់ទឹកកកទៀតផង។ សេវាអាកាសធាតុជាតិ (NWS) ព្រមានថា មនុស្សជាង ២៩.៥លាននាក់ កំពុងរស់នៅក្នុងតំបន់ចាប់ពីរដ្ឋ អាឡាបាម៉ា ទៅរដ្ឋ ញូវយ៉ក ជាកន្លែងដែលមានហានិភ័យខ្ពស់នៃព្យុះកំបុតត្បូង។ NWS និយាយថា ហានិភ័យធំបំផុតគឺនៅតំបន់ពាក់កណ្តាលអាត្លង់ទិក រួមទាំងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ផងដែរ។ កន្លែងខ្លះ អាចជួបប្រទះខ្យល់បក់ក្នុងល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងមានធ្លាក់ទឹកកក ដែលមានទំហំធំជាងបាល់កូនហ្គោលទៅទៀត។ ទន្ទឹមនោះ យោងតាមគេហទំព័រតាមដាន PowerOutage.us បានឲ្យដឹងថា អតិថិជនជាង ៨០ម៉ឺននាក់ មិនមានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋភាគខាងត្បូង និងពាក់កណ្តាលអាត្លង់ទិក។ដោយឡែក រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានបញ្ជាឲ្យជើងហោះហើរ ត្រូវផ្អាកចេញដំណើរនៅអាកាសយានដ្ឋានក្នុងទីក្រុង ញូវយ៉ក, វ៉ាស៊ីនតោន, ហ្វីឡាដែលហ្វៀ, អាត្លង់តា និង បាល់ធីម័រ ដោយសារព្យុះ។ បណ្ណាល័យ សារមន្ទីរ សួនសត្វ អាងហែលទឹក និងសេវាកម្មក្រុង និងសហព័ន្ធផ្សេងទៀតនៅ វ៉ាស៊ីនតោន ក៏ត្រូវបានបិទមុនពេលកំណត់ផងដែរ។ យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware, ជើងហោះហើរអាមេរិកជាង ២៣០០ត្រូវបានលុបចោល រួមទាំង៩៥ជើងនៅអាកាសយានដ្ឋានជាតិ Washington Reagan ផងដែរ ខណៈជើងហោះហើរអាមេរិកចំនួន ៦៨០០ផ្សេងទៀត ត្រូវបានពន្យារពេល៕ សម្រួលដោយ ទៀង បុណ្ណរី