មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​ដែល​ក្របី​ងាប់​ជិត២០​ក្បាល ពេលនេះ​ដឹង​មូលហេតុហើយ

កំពង់ចាម ​៖ កាល​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៣ លោក ហាន កុសល អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​ ពី​ករណី​ក្របី​ផ្អើល​ជាន់គ្នា​លង់ទឹក​ងាប់២០ក្បាល​ កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៣។  តាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្របី និង​អ្នក​ស្រង់​ក្របី​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រលែង​ក្របី​ចូលគ្នា​ជា​ហ្វូង​ប្រហែល​ចំនួន​៣៤៨​ក្បាល​ឱ្យ​ស៊ី​ស្មៅ​នៅ​ចុង​ព្រែក ក្នុងស្រុក​កងមាស ប៉ុន្តែ​ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ​ ទឹកទន្លេ​ចាប់​ផ្តើម​ឡើង​លឿន ធ្វើ​ឲ្យ​ទឹក​ហូរ​ចូល​ព្រែក និង​វាលស្រែ​នៅ​ទីនោះ ជាហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ក្របី​នាំគ្នា​ទៅ​កៀង​ក្របី​មក​ផ្ទះ​វិញ​ដោយ​ឆ្លង​ទឹក​ព្រែក​អន្ទង់អាំង មក​ទី​ទួល​នៅ​ភូមិ​ចាំ​នាង និង​ភូមិ​ផ្តៅ​ជុំ​កើត ឃុំ​ផ្តៅ ស្រុក​ជើងព្រៃ ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​ស្រុក​កងមាស។   ចំពោះ​មូលហេតុ​នៃ​ការ​ងាប់​ក្របី​វិញ បើ​យោងតាម​ម្ចាស់​ក្របី​ដែល​ចុះទៅ​ស្រង់​ក្របី​ងាប់​នៅ​កន្លែង​កើតហេតុ​អាច​សន្និដ្ឋាន​បាន​ថា ក្របី​ងាប់ គឺ​ដោយសារ ការ​ផ្អើល​ចុះ​ទឹក​ប្រសេចប្រសាច និង​គ្មាន​ការមើល​ខុសត្រូវ​របស់​ម្ចាស់​ក្របី ធ្វើ​ឲ្យ​ក្របី​រត់​ចុះ​ទឹក​ជាន់គ្នា​ជា​បន្តបន្ទាប់​។  ក្របី​ភាគច្រើន​ដែល​ងាប់ ជាប់​ជើង​នឹង​វ​ល្លិ៍ ហើយ​ឈ្លក់​ទឹក ​មក​ដល់​ពេល​នេះ​មាន​ក្របី​ងាប់​ចំនួន ២០​ក្បាល​ហើយ ក្នុង​នោះ​៤​ក្បាល​ជា​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចាំ​នាង និង​១៥​ក្បាល​ទៀត​ជា​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផ្តៅ​ជុំ​កើត និង​១​ក្បាល​ជា​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈើទាល ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។  តាម​ការ​សន្និដ្ឋាន​ថា របស់​មន្ត្រី​ជំនាញ គឺ​ទឹកទន្លេ​មិនមែន​ជា​មូលហេតុ​នៃ​ការ​ពុល​ទេ ព្រោះ​សត្វ​ពាហនៈ​ផ្សេងទៀត មិន​រង​ផល​ប៉ះពាល់​ឡើយ និង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ក៏​គ្មាន​ជំងឺ​អ្វី​កើតឡើង​ដែរ​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង