សូមប្រុងប្រយ័ត្ន! កម្ពុជាបន្ដធ្លាក់ភ្លៀងលាយឡំដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ខណៈទទួលឥទ្ធិពលជាបន្ដបន្ទាប់ពីប្រទេសជិតខាង
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសរយៈពេលពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី៩-១៥ ខែសីហា ឆ្នាំ២០២៣ និងអំពាវនាវដល់សាធារណជនថែរក្សាសុខភាពខណៈកម្ពុជាទទួលឥទ្ធិពលជាបន្ដបន្ទាប់ពីប្រទេសជិតខាង។ ក្រសួងធនធានទឹក បានអះអាងថា៖ «កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប ។ បន្ទាប់មកចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងដើមប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាមជាមួយខ្យល់មូសុងនិរតីមធ្យម»។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៤ ទៅ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៣ទៅ៣៥អង្សាសេ។ រីឯតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៣ទៅ៣៦អង្សាសេ។ តំបន់ទាំង២នេះអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់កម្រិតខ្សោយ។ ដោយឡែក នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០ទៅ៣២អង្សាសេ។ តំបន់នេះអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតមធ្យមផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី