មកស្គាល់ពីប្រវត្តិរោងចក្រចិន ដែលបង្ហូរទឹកខ្មៅចូលស្ទឹងសង្កែ

ប៉ុន្មានថ្ងៃនេះ មានការរំជើបរំជួលយ៉ាងខ្លាំងទាំងនៅក្នុងបណ្តាញសារព័ត៌មាន និងនៅក្នុងបណ្តាញសង្គម ជុំវិញករណីទឹកខ្មៅ ដែលរោងចក្រចិនមួយកន្លែងបានបង្ហូរចូលទៅក្នុងទឹកស្ទឹងសង្កែ ថែមទាំងបង្កឲ្យ​មានត្រីងាប់ និងមានការរំខានដល់ការផលិតទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបងផងដែរ ប៉ុន្តែនៅពេលនេះគឺទឹកស្ទឹងបានវិលត្រឡប់ទៅកាន់សភាពដើមវិញហើយ។ក្រុមហ៊ុនចិនមួយនេះមានទីតាំងនៅក្រោមទំនប់ពហុបំណង (ទំនប់សេកសក) ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលនៅក្នុងក្រុមហ៊ុនមួយនេះគឺបានបែងចែកជារោងចក្រតូចៗចំនួន ៥ កន្លែង។ ចំណែករោងចក្រដែលធំជាងគេគឺមានឈ្មោះ អឺរកាង បាយអូរស្តាច ឬ PHOENIX INDUSTRIAL Co.,LTD ។  រោងចក្រដ៏ធំមួយនេះបានចុះបញ្ជីវិនិយោគនៅឆ្នាំ២០១៦ ក្នុងទំហំដើមទុនចំនួន ១០ លានដុល្លារ សហរដ្ឋអាមេរិក ដោយ​បានឆ្លងកាត់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការត្រួតពិនិត្យពីគណកម្មាធិការអន្តរក្រសួង ដោយក្នុងនោះមាន​រោងចក្រ​តូចៗខ្លះបានផលិតនូវសារធាតុតេតាណុល និងសំបកគ្រាប់ថ្នាំ ប៉ុន្តែមួយរយ:ក្រោយមកនេះបានផ្អាកការផលិតហើយ។  សម្រាប់ក្រុមហ៊ុនអឺរកាងបាយអូរស្តាច គឺមានផលិតវត្ថុធាតុដើមពាក់កណ្តាលសម្រេចច្រើនមុខ ដែលក្រុមជំនាញមិនអាចសន្មតលើការផលិតអ្វី​ឲ្យ​ពិតប្រាកដបាននោះឡើយ ដោយសារតែក្រុមហ៊ុននេះបាននាំចូលវត្ថុធាតុដើមពីបរទេស ហើយផលិត​បានតែពាក់កណ្តាលសម្រេច ក៏នាំវត្ថុធាតុដើមបម្លែងនោះចេញទៅក្រៅប្រទេសវិញ ដូច្នេះគេមិនអាចដឹងបានទេថា តើរោងចក្រនោះផលិតអ្វីនោះទេ។  ចំពោះរោងចក្រដែលបានបង្ហូរទឹកខ្មៅចូលស្ទឹងសង្កែ គឺមានពីរលើករួចមកហើយ ដោយកាលពីឆ្នាំកន្លង​ទៅបានបង្ហូរចូលម្តង ប៉ុន្តែកាលណោះក្រសួងបានចុះមកណែនាំផ្ទាល់ដល់ក្រុមហ៊ុន និងបាន​ឲ្យ​ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែលុះនៅព្រឹកថ្ងៃទី២ សីហា ក្រុមហ៊ុននេះបានបង្ហូរទឹកខ្មៅចូលទៅក្នុងស្ទឹងជាលើកទី២ ដោយលើកនេះ រដ្ឋបាលខេត្តរួមជាមួយនិងមន្ទីរពាក់ព័ន្ធ បានចុះទៅកាន់ទីតាំងក្រុមហ៊ុនម្តងទៀត ដោយលើកនេះបានដាក់កិច្ចសន្យាយ៉ាងតឹងរឹង គឺក្រុមហ៊ុនត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ ប្រសិនបើមានករណីនេះជាលើកទី៣៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង