ករណីបុករោងការនិងកូនក្រមុំ នៅសៀមរាប មកពីតៃកុងស្រវឹងស្រាខ្លាំងពេក!
សៀមរាប៖ គ្រូបង្រៀនម្នាក់ដើរចេញពីតុ.មង្គលការ ឡើងបើករថយន្តក្នុងស្ថានភាពស្រវឹងជោគជាំ..!។ ស្រាប់តែជាន់ហ្គែរច្រឡំជាហ្វ្រាំង ក៏ជ្រុលបុក កូនក្រមុំជាជនជាតិបរទេស ដែលកំពុងឈរទទួលភ្ញៀវ.និងមនុស្សដទៃទៀត រួមទាំងរោងការ បណ្ដាលឱ្យរបួសច្រើននាក់។ ហេតុការណ៍គួរឱ្យព្រឺព្រួចនោះ បានកើតឡើង ស្ថិតនៅភូមិជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៦ ខែសីហាឆ្នាំ២០២៣ម្សិលមិញ។ មន្ត្រីមូលដ្ឋានបានឱ្យដឹងថាៈ អ្នកបើកបររថយន្តឈ្មោះ ឡំ ឡុញ អាយុ៤១ឆ្នាំជា”គ្រូបង្រៀន”នៅភូមិក្រូចចារ ឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប។សេចក្ដីរាយការណ៍បានឱ្យដឹងថាៈនៅមុនកើតហេតុ តៃកុងរថយន្តបង្ក បានមកចូលរួម ក្នុងពិធីមង្គលការខាងលើ ដោយបានផឹកស៊ីជាមួយភ្ញៀវដទៃទៀត។ លុះដល់ម៉ោងកើតហេតុ ឈ្មោះ ឡំ ឡុញ បានដើរចេញពីតុ.ឡើងបញ្ឆេះរថយន្តក្នុងស្ថានភាពស្រវឹងខ្លាំង។ ហើយក៏ជាន់ហ្គែរច្រឡំជាហ្វ្រាំង រថយន្ត ស្ទុះបុករោងការចំកូនក្រមុំជាជនជាតិបរទេស ។ ដែលកំពុងឈរទទួលភ្ញៀវ ធ្វើឱ្យនាងរងរបួសធ្ងន់ មានទាំងខ្មែរ២នាក់ និងជនបរទេស៣នាក់ទៀត រងរបួសដែរ ខណៈសម្ភារៈរោងការ បានរងការខូចខាតផងដែរ..!។ ប្រភពបន្តថាៈ ក្នុងកម្មវិធីមង្គលការនោះ មានជនជាតិហូឡង់ និងជនបរទេសផ្សេង សរុបចំនួន១៤នាក់បានចូលរួម តែចៃដន្យក៏ជួបឧទ្ទវហេតុបែបនេះទៅ។ បន្ទាប់ពីកើតហេតុ គេបាននាំគ្នាជួយចាប់អ្នកបើកបររថយន្ត យកប្រគល់ឱ្យសមត្ថកិច្ចអនុត្តតាមនីតិវិធី។ ចំណែកជនរងគ្រោះ ត្រូវបានដឹកទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់៕ សម្រួលដោយ ទៀង បុណ្ណរី