ទឹកជំនន់លិចភូមិនៅតាមវាលទំនាបចំនួន ១៥ ភូមិក្នុងស្រុកសេសាន
ទោះជាមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ តែនៅតាមវាលទំនាបមួយចំនួនក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងមានភូមិចំនួន ១៥ រងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេសេសាន បញ្ហាប្រឈមនេះអាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែងបានណែនាំប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ ស្ថានភាពទឹកទន្លេសេសាននៅព្រឹកថ្ងៃទី ០៤ ខែសីហាឆ្នាំ ២០២៣នេះ ទឹកមានកម្ពស់ជិត ៩ ម៉ែត្រ ជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន។ លោកអភិបាលស្រុកប្រាប់ថា ទឹកទន្លេសេសាននៅបន្តឡើងបន្ថែមទៀត ព្រោះក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៨ ខែសីហា នឹងមានភ្លៀងធ្លាក់ច្រើនបង្កឱ្យទឹកកាន់តែឡើងថែមទៀត និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់បងប្អូននៅតាមជួរដងទន្លេ។ លោកបន្តថា៖ បញ្ហាប្រឈមនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅប្រកបរបរតាមបណ្ដោយដងទន្លេ និងបងប្អូនដែលមាន មូលដ្ឋានងាយរងគ្រោះផ្សេងទៀត សូមមេត្តា ត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ហើយនាំគ្នាប្រមូលផលដំណាំទៅតាមដែលអាចធ្វើទៅបានហើយបើខ្វះកម្លាំងត្រូវជូនដំណឺងតាមរយៈមេភូមិ។ លោកឃុតតែវ កសិកររស់នៅភូមិឃុំភ្លុកបានបញ្ជាក់ថា៖គ្រោះមហន្តរាយទឹកជំនន់នេះហក់ឡើងលឿន តែក្នុងរយពេល៣ថ្ងៃសោះ បង្កឱ្យលិចផលដំណាំដូចជាដំឡូងមី ពោត និងស្រូវមួយចំនួនក៍ត្រូវលិចផងដែរ។ នៅព្រឹកថ្ងៃទី០៤សីហា នេះស្ថានភាពទឹកនៅតាមដងទន្លេទាំងបីក្នុងខេត្តស្ទឹងត្រែងមានទន្លេមេគង្គទឹកមានកម្ពស់ ៨,៨៧ ម៉ែត្រ ទន្លេសេកុង កម្ពស់ ៩,៧០ ម៉ែត្រ ទន្លេសេសាន កម្ពស់ ៨,៩៦ ម៉ែត្រ។ កម្រិតកម្ពស់ទឹកនេះបង្កផលប៉ះពាល់ ភូមិប្រជាពលរដ្ឋកំពុងរស់នៅចំនួន១៥នៅក្នុងស្រុកសេសាន ដែលមានប្រជាពលរដ្ឋប្រមាណជិត៣០០គ្រួសារ និងផលដំណាំផ្សេងៗជាច្រើនហិកតារងការគំរាមកំហែងផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី