ដំណាំស្រូវជាង ១ ម៉ឺនហិកតារងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខេត្តកំពតរងគ្រោះច្រើនជាងគេ
ដំណាំស្រូវជាង ១ ម៉ឺនហិកតា (១១ ០៧៨) រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបានកើតឡើងនៅប៉ុន្មានថ្ងៃកន្លងមកនេះ។ បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ខេត្តចំនួន ៨ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយមានប្រជាជនជាង ៧ ពាន់គ្រួសារ (៧ ៥៨៧) និងផ្ទះជិត ៧ ពាន់ខ្នង ក្នុងនោះធ្វើការជម្លៀស ១៤៤ គ្រួសារ និងស្លាប់ម្នាក់ ព្រមទាំងប៉ះពាល់ដំណាំស្រូវ ១១ ០៧៨ ហិកតា។ ខេត្តដែលប៉ះពាល់ចំនួន ៨ រួមមាន ខេត្តកំពង់ស្ពឺ ប៉ះពាល់ស្រូវ និងដំណាំរួមផ្សំប្រមាណ ៨០០ ហិកតា ខេត្តកែបប៉ះពាល់ស្រូវ ៣០០ ហិកតា ខេត្តកំពតប៉ះពាល់ ៩ ពាន់ហិកតា នៅស្រុកកំពង់ត្រាច ខេត្តសៀមរាបជាង ៩០០ ហិកតា ខេត្តមណ្ឌលគិរី ៨២ ហិកតា ខេត្តកោះកុង និងខេត្តព្រះវិហារ។ សម្រួលដោយ ទៀង បុណ្ណរី