ប៉ូលិស ថៃ ចេញដីកាចាប់ខ្លួនប្ដី-ប្រពន្ធម្ចាស់ឃ្លាំងស្តុកផាវ និងកាំជ្រួចដែលផ្ទុះឆេះសម្លាប់មនុស្ស

តុលាការខេត្ត Narathiwat បានចេញដីកាចាប់ខ្លួនប្តី-ប្រពន្ធជាម្ចាស់ឃ្លាំងស្តុកផាវនិងកាំជ្រួច ដែលផ្ទុះសម្លាប់មនុស្ស១២នាក់ របួស១២០នាក់ ព្រមទាំងខូចខាតផ្ទះសម្បែង ២៩២ ខ្នង កាលពីល្ងាចថ្ងៃសៅរ៍ទី ២៩ ខែកក្កដា ឆ្នាំ ២០២៣។  ដីកានេះបានចេញនៅថ្ងៃពុធ​ បន្ទាប់ពី Sompong និងប្រពន្ធរបស់គាត់ឈ្មោះ Piyanuch ជាម្ចាស់ឃ្លាំងនៅជិតផ្សារ Muno ក្នុងសង្កាត់ Sungai Kolok បានខកខានក្នុងការឆ្លើយតបទៅ​នឹងការកោះហៅ​របស់​ប៉ូលិស​កាលពីថ្ងៃចន្ទកន្លងទៅនេះ។  លោកវរសេនីយ៍ឯក Suthon Sukwiset ស្នងការរងនគរបាលខេត្ត Narathiwat បាននិយាយថា ប្តីប្រពន្ធទាំងពីរនាក់នេះ ត្រូវបានចោទប្រកាន់ពី​បទធ្វេសប្រហែស បណ្តាល​ឲ្យអ្នកដទៃស្លាប់ ធ្វើឲ្យខូចខាត​ទ្រព្យសម្បត្តិ និងរក្សាទុកកាំជ្រួចដោយគ្មានច្បាប់​អនុញ្ញាត។  លោក Suthon និយាយបន្ថែមទៀតថា អគ្គស្នងការនគរបាលជាតិបានណែនាំឲ្យប៉ូលិសខេត្ត Narathiwat ជួយសម្របសម្រួលជាមួយសមភាគីប្រទេស​ម៉ាឡេស៊ី​របស់ពួកគេ ដើម្បីតាមចាប់​ជនសង្ស័យក្នុងករណីដែល​ពួកគេបាន​ភៀសខ្លួន​ឆ្លង​ព្រំដែន។  សូមរម្លឹក​ដែរ​ថា មូលហេតុដែលផ្ទុះឃ្លាំង​ដ៏ធំនោះដោយផ្អែកតាមការស៊ើបអង្កេត​ដំបូងអាច​បណ្តាល​មកពី​ជាងផ្សា​ដែកធ្វេសប្រហែស ក្នុងពេល​ជួសជុល​ឃ្លាំងស្តុកមួយកន្លែង ហើយប្រហែល​ជាផ្កា​ភ្លើង​ខ្ទាត​ខ្ចាយ​ទៅ​ប៉ះ​នឹង​រំសេវ ឬក៏ផាវ និងកាំជ្រួច ដែលរក្សាទុកនៅក្បែ​នោះ ទើប​បណ្តាល​ឲ្យ​ផ្ទុះនិង​ឆាបឆេះ​ឡើងតែម្តង៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង