រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ដល់យោបល់ដល់នគរបាលខេត្តកំពតរកជនរងគ្រោះនៅជ្រោះឳម៉ាល់តាមបទពិសោធន៍ធ្លាប់មាន
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់យោបល់ដល់កម្លាំងនគរនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលកំពុងស្វែងរជរងគ្រោះដែលបាត់ខ្លួននៅជ្រោះឳម៉ាល់តាមបទតាមបទពិសោធន៍លោក ខណៈការស្វែងរកជនគ្រោះបានធ្វើឡើងរយៈពេល៣ថ្ងៃមកហើយនៅតែរកមិនទាន់ឃើញ។ បើតាមសំណេររបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានបង្ហោះនៅហ្វេសប៊ុកផេកផ្លូវការនៅព្រឹកថ្ងៃទី២ ខែសីហានេះបានសរសេរថា «តាមបទពិសោធន៍ខ្ញុំ បើរុករកសាកសពមនុស្សដែលត្រូវទឹកជ្រោះបុកយក មិនមែនរកតាមជ្រោះទេ តែរកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ»។ សូមបញ្ជាក់ថា ប្រតិបត្តិការស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅជ្រោះឳម៉ាល់មានរយៈពេល៣ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី១ ខែសីហានេះ ប៉ុន្តែនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ។ បើតាមមន្ទីរព័ត៌មានខេត្តកំពត ដែលធ្វើរបាយការណ៍ជូនលោករដ្ឋមន្ត្រី ក្នុងបេសកម្មស្វែងរកនារីដែលបានបាត់ខ្លួននៅជ្រោះឳម៉ាល់នេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមានកិច្ចសហការរវាងអធិការដ្ឋានក្រុងបូកគោ ស្រុកទឹកឈូ រួមជាមួយអាជ្ញាធរមូលដ្ឋាន ដែលប្រើប្រាស់កម្លាំងប្រមាណជាង១០០នាក់។ គួររំលឹកថា ជនរងគ្រោះបានបាត់ខ្លួនដោយសារទឹកជ្រោះហូរកួចយកទៅ ក្រោយពេលទៅបោះតង់កម្សាន្តនៅតំបន់ទឹកធ្លាក់ជ្រោះឪម៉ាល់ កាលពីថ្ងៃទី៣០ ខែកក្កដា ស្ថិតក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត៕ សម្រួលដោយ ទៀង បុណ្ណរី