ខ្យល់កន្ត្រាក់ សម្លាប់មនុស្ស ១ នាក់ និងរបួស ៩ នាក់ នៅស្រុកស្រែអំបិល
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ម្នាក់ បានស្លាប់ និងរងរបួសធ្ងន់-ស្រាលចំនួន ៩ នាក់ ដោយសារតែជួបគ្រោះធម្មជាតខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ នេះថា យ៉ាងហោចណាស់មានពលរដ្ឋ ១ នាក់ បានស្លាប់ និង ៩ នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល ដោយ ២ នាក់ បញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។ លោកអភិបាលរងខេត្តកោះកុងដដែលអះអាងថា ការស្លាប់ និងរបួសដោយគ្រោះធម្មជាតិនេះ កើតឡើងនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខណៈផ្ទះប្រជាពលរដ្ឋដួលរលំខូចទាំងស្រុងចំនួន ៩ ខ្នង និងរបើកដំបូលទាំងស្រុងអស់ចំនួន ១៥ ខ្នង។ ដោយឡែកនៅស្រុកថ្មបាំងវិញ មានផ្ទះសម្បែងពលរដ្ឋជាង ៣៧ ខ្នង និងដីស្រែចម្ការចំនួន ២០ ហិកតា ស្ថិតនៅភូមិត្រពាំងឈើត្រាវ និងភូមិគគីរជ្រុំ ក៏បានជន់លិចផងដែរ ព្រោះតែបរិមាណទឹកភ្លៀងច្រើនហូរពីជ្រលងភ្នំបង្កឲ្យឡើងជន់លិចតាមស្ទឹងរួចហក់ឡើងលិចក្នុងមូលដ្ឋានតែម្ដង។ បើតាមអាជ្ញាធរខេត្ត ពលរដ្ឋទាំង ៣៧ គ្រួសារខាងលើ ត្រូវបានជម្លៀសមករកទីសុវត្ថិភាពដោយឲ្យពួកគាត់ស្នាក់នៅជាបណ្ដោះអាសន្ននៅវត្តសិលាមុន្នីគីរីរង្សី(ហៅវត្តលើ) ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង។ ចំពោះបណ្ដាក្រុងស្រុកផ្សេងមិនចោទបញ្ហានោះទេ។ លោកស្រី ទួត ហាទីម៉ា អភិបាលស្រុកថ្មបាំង ថ្លែងថា ជំនន់ទឹកភ្លៀងនេះមិនបង្កឲ្យពលរដ្ឋណាម្នាក់ស្លាប់នោះ ពោលគ្រាន់តែលិចផ្ទះសម្បែង ផ្លូវថ្នល់ និងផលដំណាំរបស់ពលរដ្ឋប៉ុណ្ណោះ។ យោងតាមរាយការណ៍ព័ត៌មានរបស់អាជ្ញាធរឃុំឬស្សីជ្រុំ ស្ថានភាពទឹកបានស្រកចុះបណ្តើរៗហើយ និងត្រៀមបញ្ជូនពលរដ្ឋនៅលំនៅដ្ឋានវិញ។ ប៉ុន្តែប្រសិនបើអាកាសធាតុបន្តគំរាមកំហែងទៀត អាជ្ញាធរត្រៀមរួចជាស្រេចចុះជួយសង្គ្រោះឲ្យទាន់ពេលវេលា៕ សម្រួលដោយ ទៀង បុណ្ណរី