តារាភាពយន្តខ្មែរសម័យសង្គមរាស្ត្រនិយម ៧ ដួង ចេះក្បាច់គុនល្បុក្កតោយ៉ាងស្ទាត់ជំនាញ

តារា​ភាពយន្ត​ខ្មែរ​ជំនាន់​ដើម ៧ ដួង ចេះ​ក្បាច់គុន​ល្បុក្កតោ​យ៉ាង​ស្ទាត់ជំនាញ ខណៈ​សិល្បៈ​បុរាណ​សម័យ​គ្រប់​ទម្រង់ និង​ក្បាច់គុន​បុរាណ​ខ្មែរ ត្រូវ​បាន​ប្រមូលផ្ដុំ ចងក្រង ឲ្យ​ចេញ​ជា​រូបរាង​ផ្លូវការ ក្នុង​សម័យ​សង្គមរាស្ត្រនិយម មក​ដល់​បច្ចុប្បន្ន និង​នៅ​រាយប៉ាយ​តាម​ស្រុក តំបន់ ពាសពេញ​ប្រទេស។  នៅ​សម័យ​សង្គមរាស្ត្រនិយម មាន​តារា​ភាពយន្ត ៧ ដួង ចេះ​ក្បាច់គុន​ល្បុក្កតោ​យ៉ាង​ស្ទាត់ជំនាញ ក្នុង​នោះ ក្រៅពី​ហាត់​រៀន​ចេះ​ចាំ​ស្ទាត់ តារា​ទាំងនេះ ក៏​តែង​បង្ហាញ​ក្បាច់គុន​ទាំងនោះ​ក្នុង​ខ្សែ​ភាពយន្ត​ជាច្រើន​ផង​ដែរ។   តាមរយៈ​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​របស់«ក្រុម​ព្រះសុរិយា» បាន​ឲ្យ​ដឹង​ថា តារា​ភាពយន្ត​ខ្មែរ ៧ ដួង ដែល​ចេះ​ក្បាច់គុន​ល្បុក្កតោ រួមមាន ៖ ១.លោក ហ៊ុយ សាន់ (ជំនាញ​គុនដំបង​វែង) ,២.លោក ឡាញ់ ដូរ៉ (ជំនាញ​ក្បាច់​ស្រង៉ែ​ពេន), ៣.លោក ជា យុទ្ធថន (ជំនាញ​ក្បាច់​ឃុំ ,ទាត់​ស្មង​…) ,៤.លោក វណ្ណ វណ្ណៈ (ជំនាញ​គុន​ដាវ​ព្រះរៀម​ថ្លែង​ស ,កិន្នរ​ពាំ​ផ្កា​), ៥.លោក សាសា គុយនី (ជំនាញ​ក្បាច់​ខ្លា​ទះ), ៦.លោក ឱ ឌុំ (ជំនាញ​ក្បាច់​ស្រង៉ែ​ពេន​), ៧.លោក សេរី រតនា (ជំនាញ​ក្បាច់​ដាល់ និង​ឃុំ)។  យ៉ាងណាមិញ​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម សាស្ត្រាចារ្យ តារាភាពយន្ត និង​សិស្ស​គុន ដែល​ចេះ​ក្បាច់គុន​ល្បុក្កតោ ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​ស្ទើរ​គ្មាន​សល់ គួរ​ឲ្យ​សោកស្ដាយ​រក​ទីបំផុត​គ្មាន។  ងាក​មក​បច្ចុប្បន្ន ក្រោយ កម្ពុជា មាន​សុខ​សន្តិភាព ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្បាច់គុន​ល្បុក្កតោ ក៏​ត្រូវ​បាន​ប្រមូល​រៀបចំ​ឡើងវិញ និង​ចេញ​ជា​រូបរាង​ផ្លូវការ​ជាថ្មី ប្រកប​ដោយ​មុខ​មាត់​ខ្ពស់ គួរ​ឲ្យ​មោទនភាព​ជា​ខ្លាំង។  កាលពី​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ក្បាច់គុន​ល្បុក្កតោ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​អ​រូបិយ នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ ជា​ផ្លូវការ នៅ​ទីក្រុង​រ៉ាបាត នៃ​ប្រទេស​ម៉ារ៉ុក ហើយ​ក្បាច់គុន​នេះ ទំនង​ជា​កើតឡើង​ដំណាលគ្នា នៃ​ការ​កកើត​ទឹកដី​ខ្មែរ​ផង​ដែរ។ រឿងរ៉ាវ​នេះ អាច​ត្រូវ​បាន​ស្វែងយល់​តាមរយៈ​រឿងព្រេង​ខ្មែរ នូវ​ការ​ដំណាល​តៗ​គ្នា​របស់​ដូនតា​ខ្មែរ។   ក្បាច់គុន​ល្បុក្កតោ មាន​ប្រវត្តិ​ដ៏​ចំណាស់ កើត​ចេញពី​ពលទាហាន​ម្នាក់ បាន​ប្រើប្រាស់​ដំបង​រួមគ្នា​ជាមួយ​នឹង ក្បាច់​ដៃ ជង្គង់ ដើម្បី​វាយ​សត្វ​តោ​មួយ​ក្បាល ដែល​តែងតែ​មក​វាយប្រហារ​យាយី​សម្លាប់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកភូមិ​ជា​ញឹកញាប់។  ប្រវត្តិសាស្ត្រ​ក្បាច់គុន​ល្បុក្កតោ ត្រូវ​បាន​ប្រវត្តិវិទូ​រក​ឃើញ​ថា«មាន​ឆ្លាក់​តាម​ជញ្ជាំង​ប្រាសាទ តាំងពី​ទសវត្ស​ទី ៩ ដូចជា ប្រាសាទ​ព្រះ​គោ បន្ទាយស្រី អង្គរវត្ត និង​បាពួន»។ ក្បាច់គុន​នេះ បាន​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​នៅ​ក្នុង​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា ហើយ​ក្លាយ​ទៅ​ជា​និមិត្តរូប នៃ​អរិយធម៌​ខ្មែរ រហូត​មក​ដល់​សព្វថ្ងៃ។  ក្បាច់គុន​ល្បុក្កតោ ដូច​ក្បាច់គុន​ខ្មែរ​ផ្សេងៗ​ទៀត​ដែរ បាន​ប្រមូលផ្ដុំ​ដោយ​ក្បាច់ និង​ស្នៀត​យ៉ាង​ច្រើន ដែល​យក​តម្រាប់​តាម​តថភាព​ធម្មជាតិ នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​នា​សម័យ​នោះ និង​កាយវិការ​សត្វ ដូចជា បក្សី សេះ ខ្លា ដំរី កេនរ ក្រពើ ក្ដាម ពស់ នាគ និង ទា ជាដើម…។ ចំពោះ​ទម្រង់ នៃ​គុន​ល្បុក្កតោ បាន​បង្កប់​ខ្លួន​នៅ​ក្នុង​សិល្បៈ​បុរាណ​របស់​ខ្មែរ ដូចជា របាំ​ប្រជាប្រិយ ល្បែង​ប្រជាប្រិយ និង​របាំ​បុរាណ។ រីឯ ចលនា ស្នៀត ក្បាច់ និង​កាយវិការ​នីមួយៗ នៃ​ក្បាច់គុន​នេះ បាន​បង្កប់​ភាព​ទន់ភ្លន់ ស្លូតបូត រស់រវើក រឹងមាំ រហ័សរហួន និង​ឥរិយាបថ​រស់នៅ​របស់​មនុស្ស​ក្នុង​សង្គម។ ក្បាច់គុន​នេះ តម្រូវ​ឲ្យ​វាយ​កៀក​នឹង​គូ​ប្រយុទ្ធ ដោយ​ប្រើ​កែងដៃ និង​ជង្គង់ ជា​មូលដ្ឋាន៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង