មិនដល់៣ខែទៀតទេ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតម្លៃប្រមាណ៩០០លានដុល្លារនឹងដាក់ឱ្យដំណើរការ

រាជធានីភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣តទៅ។ នេះបើតាមសេចក្តីជូនដំណឹងពីរដ្ឋលេខាធិការដា្ឋនអាកាសចរស៊ីវិល នារសៀលថ្ងៃទី២៧កក្កដា។  អាកាសយានដ្ឋានអន្តរជាតិថ្មីដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំ ពពេល និងភូមិប្រវាល ឃុំតាប៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាបនេះ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញនៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៣។  យ៉ាងណាមិញ រដ្ឋលេខាធិការដា្ឋនអាកាសចរស៊ីវិលបានឱ្យដឹងថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។  អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតម្លៃប្រមាណ៩០០លានដុល្លារនេះ អាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់២០លាននាក់នៅក្នុងមួយឆ្នាំ។ គម្រោងដ៏ធំមួយនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅពេលអនាគត ជាពិសេសនឹងផ្តល់អត្ថប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ជុំវិញផងដែរ។  គូសបញ្ជាក់ផងដែរថា ក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាកាលពីខែមិថុនាកន្លងទៅ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគាំទ្រនូវសំណូមពររបស់អង្គសន្និបាតក្នុងការលើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង