កប៉ាល់ដឹករថយន្តទំនើបៗជិត៣ពាន់គ្រឿងបានឆាបឆេះនៅឆ្នេរសមុទ្រហូឡង់
ឆ្មាំសមុទ្រហូឡង់បានអះអាងថា អគ្គីភ័យបានឆាបឆេះកប៉ាល់ដឹកទំនិញដែលផ្ទុករថយន្តជិត ៣ពាន់គ្រឿងនៅឆ្នេរសមុទ្រហូឡង់ កាលពីថ្ងៃពុធ ទី២៦ ខែកក្កដា ដោយបានសម្លាប់សមាជិកនាវិកម្នាក់ និងបណ្តាលឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស…។ សមាជិកនាវិកជាច្រើននាក់ត្រូវបានបង្ខំឱ្យលោតចេញពីកប៉ាល់ បន្ទាប់ពីភ្លើងបានចាប់ផ្តើមឆាបឆេះ ខណៈដែលវាកំពុងធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសអេហ្ស៊ីប។ ស្ថានទូតឥណ្ឌាប្រចាំប្រទេសហូឡង់ បានរៀបរាប់នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមថា អគ្គិភ័យបានបណ្តាលឱ្យនាវិកឥណ្ឌាម្នាក់ស្លាប់ និងរបួសជាច្រើននាក់ ខណៈលោក Shoei Kisen ជនជាតិជប៉ុន ដែលជាម្ចាស់កប៉ាល់ បាននិយាយថា នាវិកទាំងអស់ ២១នាក់ គឺជាជនជាតិឥណ្ឌា។ ឆ្មាំឆ្នេរសមុទ្រហូឡង់បានអះអាងថា កប៉ាល់ជួយសង្គ្រោះបានបាញ់ទឹកទៅលើកប៉ាល់ដែលកំពុងឆេះ ប៉ុន្តែការប្រើទឹកច្រើនពេកបានប្រថុយនឹងការលិចកប៉ាល់ ខណៈកប៉ាល់នេះត្រូវបានចងភ្ជាប់ទៅនឹងកប៉ាល់សង្គ្រោះដើម្បីការពារកុំឱ្យវារសាត់ទៅឆ្ងាយ នេះបើតាមឆ្មាំសមុទ្រហូឡង់បានឱ្យដឹង។ ឧទ្ធម្ភាគចក្រមួយគ្រឿងបានជួយសង្គ្រោះសមាជិកនាវិកដែលនៅសល់ចេញពីកប៉ាល់ដែលកំពុងឆេះ។ អាជ្ញាធរហូឡង់បានបង្ហាញថា អ្នករងរបួសកំពុងត្រូវបានគេព្យាបាល ដោយពួកគេមានបញ្ហាផ្លូវដង្ហើម រលាក និងបាក់ឆ្អឹង។ មិនត្រឹមតែប៉ុណ្ណោះ ទីភ្នាក់ងារសារព័ត៌មានហូឡង់ ANP បានរាយការណ៍ដោយដកស្រង់សម្តីឆ្មាំឆ្នេរសមុទ្រថា ភ្លើងអាចឆាបឆេះរយៈពេលជាច្រើនថ្ងៃ។ ផ្សែងបានបន្តហុយចេញពីកប៉ាល់នៅជិតកោះ Ameland ភាគខាងជើងនៃប្រទេសហូឡង់។ លោក Edwin Versteeg អ្នកនាំពាក្យនាយកដ្ឋានផ្លូវទឹក និងសាធារណៈការរបស់ប្រទេសហូឡង់បានសង្កត់ធ្ងន់ថា ៖«ភ្លើងនៅតែមិនអាចពន្លត់បាន។ ពិតណាស់ វាជាភ្លើងដែលពិបាកក្នុងការពន្លត់ ប្រហែលជាដោយសារតែទំនិញដែលកប៉ាល់កំពុងដឹកជញ្ជូន»។ លើសពីនេះ ឆ្មាំឆ្នេរសមុទ្របានបង្ហាញនៅលើគេហទំព័ររបស់ខ្លួនថា មូលហេតុនៃការឆេះនេះមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យឆ្មាំសមុទ្របានប្រាប់សារព័ត៌មានរ៉យទ័រថា ភ្លើងបានឆាបឆេះឡើងនៅជិតរថយន្តអគ្គិសនី ខណៈរថយន្តប្រហែល ២៥គ្រឿងក្នុងចំណោម ២៨៥៧គ្រឿងនៅលើកប៉ាល់គឺជារថយន្តអគ្គិសនី។ រថយន្តប្រហែល ៣៥០ គ្រឿងនៅលើនោះគឺជារថយន្ត Mercedes-Benz ។ ជុំវិញឱប្បត្តិហេតុនេះ អង្គការដែនសមុទ្រអន្តរជាតិ ដែលគ្រប់គ្រងស្ដង់ដារសុវត្ថិភាពនៅសមុទ្រ គ្រោងនឹងវាយតម្លៃវិធានការថ្មីសម្រាប់កប៉ាល់ដឹកជញ្ជូនយានជំនិះអគ្គិសនីនៅឆ្នាំក្រោយ ដោយសារការកើនឡើងនៃអគ្គីភ័យបែបនេះ។ ទន្ទឹមនឹងនេះលោក Uwe-Peter Schieder មេទ័ពជើងទឹក និងជាតំណាងនៃសមាគមធានារ៉ាប់រងអាល្លឺម៉ង់បានលើកឡើងថា ៖«រថយន្តអគ្គិសនីឆេះដូចរថយន្តម៉ាស៊ីនចំហេះ។ នៅពេលដែលអាគុយឡើងកម្តៅ នោះវាពិតជាមានគ្រោះថ្នាក់ណាស់។ ប្រតិកម្មគីមីនៅក្នុងថ្មបង្កើតឧស្ម័នដែលបំប៉ោងថ្ម បន្ទាប់មកវាក៏ផ្ទុះ ហើយបង្កើតបានជាអគ្គីភ័យ»៕ សម្រួលដោយ ទៀង បុណ្ណរី