អាណិតណាស់..! ជិះកាណូតស្មាច់ទៅចាប់គីង្គក់លក់ ជួបខ្យល់បក់ខ្លាំងលិចបាត់២នាក់ប្ដីប្រពន្ធ ខណៈកូនប្រុសសំណាងល្អហែលឆ្លងផុតរួចជីវិត
ខេត្តកំពង់ឆ្នាំង៖ បុរសស្ត្រី២នាក់ប្ដីប្រពន្ធរួមនឹងកូនប្រុសម្នាក់ បានបើកកាណូតទៅរកចាប់គីង្គក់លក់ តែត្រូវខ្យល់បោកបក់ខ្លាំងធ្វើឱ្យក្រឡាប់លិចកាណូតបាឡាស្មាច់បាត់២នាក់ប្ដីប្រពន្ធនៅកណ្តាលទន្លេ ប៉ុន្តែកូនប្រុសអាយុ១២ឆ្នាំ បានហែលរួចដល់ច្រាំងរួចផុតពីជីវិត។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៥កក្កដា ឆ្នាំ២០២៣ នៅចំណុចកោះចាប ស្ថិតនៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះទាំងបីនាក់ដែលរួមមាន៖ ទី១.ឈ្មោះ រ៉េន រឹត ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាប្ដីអ្នកបើកកាណូតបាឡាស្មាច់។ ទី២.ឈ្មោះ អេង យីម ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធ (ទាំងពីរនាក់កំពុងបាត់ខ្លួន)។ ចំណែកឯកូនប្រុស ឈ្មោះ ប៉ុន បញ្ញាសក្កិ ភេទប្រុស អាយុ១២ឆ្នាំ បានហែលរួចខ្លួន។ អ្នកទាំង៣នាក់ មានទីលំនៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ អធិការនគរបាលស្រុកកំពង់លែង បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៥កក្កដា ឆ្នាំ២០២៣ថា មានហេតុការណ៍ក្រឡាប់លិចកាណូតបាឡាស្មាច់មួយគ្រួសារ ដែលបណ្តាលឱ្យបាត់ខ្លួនមនុស្ស២នាក់ ហើយម្នាក់បានរួចផុតពីគ្រោះថ្នាក់។ លោកបន្តថា នៅមុនពេលកើតហេតុ អ្នកទាំងបីខាងលើធ្វើដំណើរតាមកាណូតបាឡាស្មាច់ ដើម្បីទៅរកចាប់សត្វគីង្គក់នៅពេលយប់យកមកលក់ លុះមកដល់ចំណុចខាងលើដោយបើកបរក្នុងលឿន ហើយបានបត់ជ្រុល ធ្វើឱ្យក្រឡាប់កាណូតបាឡាលិចតែម្ដង ស្របពេលដែលមេឃកំពុងមានភ្លៀងមួយមេធំ និងខ្យល់កន្ត្រាក់ផងដែរនោះ ធ្វើឱ្យប្ដី និងប្រពន្ធលិចបាត់ ខណៈកូនប្រុសហែលមកដល់ច្រាំងរួចរស់ជីវិត។ ក្រោយទទួលបានព័ត៌មាននេះហើយ កម្លាំងនគរបាលខេត្ត បានបញ្ជាបន្ទាន់ឱ្យមន្ត្រីអាជ្ញាធរនាំកម្លាំងចេញជួយស្វែងរកអ្នកដែលបានបាត់ខ្លួនភ្លាមៗ រហូតមកដល់ព្រឹកថ្ងៃទី២៦កក្កដា ក៏នៅមិនទាន់រកឃើញអ្នកដែលបានបាត់ខ្លួននោះនៅឡើយទេ៕ សម្រួលដោយ ទៀង បុណ្ណរី