អគ្គស្នងការរងនគរបាលជាតិជំរុញឲ្យកងកម្លាំងនគរបាលដែលឈរជើងការពារព្រំដែនគោកត្រូវរឹតបន្តឹងការពារសណ្តាប់ធ្នាប់ឲ្យបានល្អ

TNM(ខេត្តស្ទឹងត្រែង) ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នគរបាលជាតិ អញ្ជើញជួបសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក លេខ៧០១ ព្រមទាំងប្រគល់នូវសមិទ្ធិផលថ្មីមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លាពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ក្នុងដំណើរចុះជួបសួរសុខទុក្ខនោះឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ អមដំណើរដោយ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងគណៈប្រតិភូ អគ្គស្នងការនគរបាលជាតិ ព្រមទាំងប្រធានមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្តផងដែរ។ គ្រានោះ ឯកឧត្តម ហ៊ូ សាគុណ បានមានប្រសាសន៍ជំរុញដល់កងកម្លាំងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៧០១ ទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំ រក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខតាមព្រំដែនឲ្យបានល្អ ព្រមទាំងតាមដាន នូវរាល់សភាពការណ៍នៃការឆ្លងដែនរបស់ពលករខ្មែរតាមគោលដៅ ដែលខ្លួនឈរជើង ក្រែងមានពលករខ្មែរលួចឆ្លងដែន ដោយមិនបានធ្វើចត្តាឡីស័កជាមុនសិន ហើយប្រសិនបើមានមែន មន្ត្រីជំនាញសុខាភិបាលត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័កឲ្យបាន១៤ថ្ងៃសិន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ពីក្រៅប្រទេសមក ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ក៍បាននាំមកនូវបណ្តាំផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ការពារព្រំដែនកម្ពុជា-ឡាវ ដែលកំពុងឈរជើង ការពារនៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការការពារបូរណភាពទឹកដី និងទប់ស្កាត់រាល់បទល្មើសឆ្លងដែននានាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកនូវអំ ណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន និងអគារស្នាក់ការមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផងដែរ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧០១ ថវិកា៣លានរៀល ឧបត្ថម្ភដល់តំបន់ប្រតិបត្តិការសឹករងខេត្តចំនួន១លានរៀល.តំបន់ប្រតិបត្តិការសឹករងស្រុកបុរីអូរស្វាយសែនជ័យចំនួន៥០ម៉ឺនរៀល និង អាវុធហត្ថស្រុកចំនួន៥០ម៉ឺនរៀល ផងដែរ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់នៅថ្ងៃខាងមុខ ខណៈកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ៕

អត្ថបទដែលជាប់ទាក់ទង