បាក់ដំបូលអគារបណ្ដាលអោយមនុស្សប្រមាណ១០នាក់ស្លាប់

ប្រទេសចិន៖ យ៉ាងហោចណាស់មានមនុស្ស១០នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ដំបូលអគារហ្វឹកហាត់របស់ក្រុមបាល់ទះនារីមួយកន្លែង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Qiqihar ខេត្ត Heilongjiang ភាគឦសាននៃប្រទេសចិន។ នេះបើយោងតាមសារព័ត៌មានចិន CGTN ចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ។  នាយកដ្ឋានពន្លត់អគ្គិភ័យ និងសង្គ្រោះខេត្ត Heilongjiang បានអោយដឹងថា នៅពេលដែលឧបទ្ទវហេតុនេះបានកើតឡើង មានមនុស្សចំនួន ១៩នាក់ បានស្ថិតនៅក្នុងអគារហាត់ប្រាណនោះ ដែលមានទំហំ ១,២០០ម៉ែត្រការ៉េ ហើយនៅពេលបាក់ដំបូលមក មានតែមនុស្ស ៤នាក់ប៉ុណ្ណោះដែលគេចផុតពីគ្រោះថ្នាក់ ខណៈ១៥នាក់ផ្សេងទៀត ជាប់ក្រោមគំនរបាក់បែក។  គួរបញ្ជាក់ផងដែរថា តាមការស៊ើបអង្កេតបឋមបានឲ្យដឹងថា មូលហេតុនៃការបាក់ដំបូលនេះ គឺមកពីកម្មករសំណង់បានចាក់សារធាតុផឺឡាយថ៍ (Perlite) ដើម្បីការពារនៅលើដំបូលអគារហាត់ប្រាណ ប៉ុន្តែចាក់មិនបានត្រឹមត្រូវ បណ្តាលឱ្យដក់ទឹក ហើយនៅពេលមានភ្លៀងធ្លាក់ក៏បាក់ដំបូលតែម្តង ដូចនេះក្រុមហ៊ុនសំណង់ ត្រូវបានឃាត់ខ្លួនដើម្បីស្វែងរកអ្នកទទួលខុសត្រូវផងដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង