បុរសម្នាក់មានអាការៈ ក្អួតចង្អោរ វិលមុខ ទន់ដៃ ទន់ជើងនិង រាគសង្ស័យពុលក្ដាមសមុទ្រ
បុរសម្នាក់មានអាការៈក្អួតចង្អោរ ទន់ដៃ ទន់ជើង រាគ បន្ទាប់ពីហូបក្ដាមសមុទ្រដែលរកបានដោយខ្លួនឯង ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅផ្ទះជួលក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ភី អ៊ុង ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរទិញលក់អេតចាយ មានប្រពន្ធឈ្មោះ ម៉ូ ឃឿន អាយុ៥២ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅផ្ទះជួល ចំណុចកើតហេតុ និងមានស្រុកកំណើតនៅទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បើតាមការបំភ្លឺពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា គាត់ទាំង២នាក់ប្តី ខណៈពេលទៅចូលរួមបោះឆ្នោតនៅឯស្រុកកំណើត ឆ្លៀតនាំកូនចៅចេញទៅដាក់លបយកក្តាម ហើយក៏យកក្តាមដែលរកបាននោះវិលត្រឡប់មកផ្ទះជួលវិញនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ លុះដល់ព្រឹកឡើងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ គាត់ស្ងោរចម្អិនក្តាមរួច ប្តីរបស់គាត់ក៏បានហូបបាយមុន ចំណែកគាត់នៅរៀបចំសម្អាតផ្ទះ គ្រាន់តែប្តីរបស់គាត់ហូបក្តាមរួច ក៏កើតមានអាការៈ ក្អួតចង្អោរ វិលមុខ ទន់ដៃ ទន់ជើង រាគ សង្ស័យតែពុលក្តាម ព្រោះពុំបានហូបអ្វីក្រៅពីក្តាមស្ងោរនេះទេ។ ស្ត្រីជាប្រពន្ធបន្ថែមថា ដោយសភាពកាន់តែខ្លាំងឡើងៗ ភ័យស្លន់ស្លោផ្អើលអ្នកជិតខាង ក៏ស្នើរសុំអន្តរាគមន៍ពីក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះអាយុជីវិត៕ សម្រួលដោយ ទៀង បុណ្ណរី