សូមឪពុកម្តាយប្រុងប្រយ័ត្ន..! ក្មេងប្រុសម្នាក់ក្នុងចំណោម៦នាក់ ល.ង់.ទឹ.ក.ស្លា.ប់ក្រោយនាំគ្នាទៅលេងទឹកស្រះក្បែរផ្ទះ
ភ្នំពេញ៖ ក្មេងប្រុសម្នាក់មានឈ្មោះ ហួរ វិចិត្រា អាយុ១១ឆ្នាំ បានស្លាប់ដោយសារលង់ទឹកស្រះក្បែរផ្ទះបន្ទាប់ពីរូបគេ និងមិត្តភក្តិ៥នាក់ទៀតបានដើរលេងក្បែរស្រះទឹកជិតផ្ទះ។ ក្រោយមកកុមារារូបនោះ បានចុះទៅងូតទឹកលេងម្នាក់ឯង ក៏លង់លិចបាត់ស្រមោល ខណឳពុកម្តាយ និងក្រុមសមត្ថកិច្ចចុះរាវរកអស់ជាច្រើនម៉ោង ទើបឃើញសពអណ្តែតផុសឡើង…។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចស្រះមួយកន្លែងក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីភ្នាក់ងាររាយការណ៍ព័ត៌មាន ដែលបានចុះទៅយកព័ត៌មានផ្ទាល់បានឱ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នា៦នាក់ បានទៅលេងនៅស្រះក្នុងដីឡូតិ៍មួយកន្លែង ក្នុងគោលបំណងរកបេះផ្លែឈូកយកមកបរិភោគ តែនៅពេលនោះជនរងគ្រោះបានទៅចុះលេងទឹកស្រះកើតហេតុ នៅក្បែរនោះមួយទៀត ពួកគេដែលទៅជាមួយបានប្រាប់ថា កុំចុះទឹកជ្រៅណាស់ តែជនរងគ្រោះនៅតែចុះទៅលេង។ មិនតែប៉ុណ្ណោះ ថែមទាំងបានទាញក្មេងប្រុសម្នាក់ទៀតឱ្យចុះទៅជាមួយទៀត។ ស្របពេលដែលទាញបានធ្លាក់ដល់ចំណុចទឹកជ្រៅទាំងពីរនាក់ក្មេងប្រុស ដែលធ្លាក់ទៅក្រោយចេះហែលទឹក ក៏បានហែលឡើងមកខាងលើវិញ ដោយឡែក ជនរងគ្រោះមិនចេះហែលទឹកក៏លិចបាត់ស្រមោលតែម្ដង។ ភ្លាមៗពួកគេក៏បានរត់ទៅហៅចាស់ៗនៅក្បែរនោះឱ្យមកជួយតែមកមិនទាន់នោះទេ ប្រជាពលរដ្ឋ និងឪពុកម្តាយជនរងគ្រោះ ក៏បានទំនាក់ទំនងទៅកម្លាំង៩១១ ឱ្យចុះមកជួយអន្តរាគមន៍ ដើម្បីរាវរកជនរងគ្រោះរហូតរយៈពេល៦ម៉ោងទើបរកសពឃើញ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ យ៉ាងណាមិញ ជុំវិញករណីនេះ ជាមេរៀនដាស់តឿនដល់ក្មេងៗកុំទៅដើរលេងកន្លែងណាដែលអាចបង្កគ្រោះថ្នាក់ ជាពិសេសកន្លែងមានទឹកជ្រៅដែលអាចបណ្តាលឱ្យលង់ស្លាប់ដូចករណីខាងលើ ដោយសារ ខែនេះជារដូវធ្លាក់ភ្លៀង គ្រប់ស្រះ ត្រពាំង អូផ្សេងៗ ទឹកមានការកើនឡើងជាលំដាប់។ ទន្ទឹមនឹងនោះ សូមឪពុកម្តាយអាណាព្យាបាលក្មេងៗ សូមឧស្សាហ៍ដាស់តឿនក្រើនរំឭកដល់កូន-ចៅរបស់ខ្លួនឱ្យបានញឹកញាប់ កុំឱ្យពួកគេចុះលេងទឹក ស្រះ បឹងត្រពាំង ឬទឹកអូរដែលជ្រៅៗ ពិសេសអ្នកដែលមានផ្ទះនៅក្បែរស្រះទឹក គឺអាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ពួកគេដូចជាករណីខាងលើនេះ…៕ សម្រួលដោយ ទៀង បុណ្ណរី