ហ្វីលីពីន បញ្ជាឲ្យជម្លៀសមនុស្សជាបន្ទាន់ មុនព្យុះកំណាច Doksuri វាយប្រហារ
ព្យុះទីហ្វុងដ៏ខ្លាំងមួយ កំពុងបោកបក់ឆ្ពោះទៅភាគខាងជើងប្រទេសហ្វីលីពីននៅថ្ងៃអង្គារទី២៥ខែកក្កដា ដែលបង្កឲ្យមានការបញ្ជាជម្លៀសមនុស្សចេញពីសហគមន៍នៅតាមឆ្នេរសមុទ្រ ជាបន្ទាន់។ ព្យុះទីហ្វុង Doksuri នាំមកជាមួយកម្លាំងខ្យល់អតិបរមា១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈវាបោះពួយឆ្ពោះទៅចុងភាគខាងជើងនៃកោះ Luzon។ យោងតាមទីភ្នាក់ងារអាកាសធាតុហ្វីលីពីន, ព្យុះនេះត្រូវបានគេរំពឹងថា នឹងបង្កជាបំណាក់ដី និងឆ្លងកាត់កៀកកោះ Babuyan ឬខេត្ត Cagayan ភាគឦសានត្រឹមថ្ងៃពុធទី២៦ខែកក្កដា។ បន្ទាប់មកវានឹងសំដៅទៅកោះតៃវ៉ាន់ និងភាគអាគ្នេយ៍ប្រទេសចិន។ សហគមន៍ឆ្នេរសមុទ្រនៅខេត្ត Cagayan ត្រូវបានបញ្ជាឲ្យជម្លៀសមនុស្សចេញពីផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងការព្យាករថា កម្ពស់ទឹករលកនឹងឈានដល់ ៣ម៉ែត្រ។ ស្របពេលជាមួយគ្នានោះ លេខាធិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Renato Solidum និយាយថា មនុស្សចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុងនេះ ព្រោះអ្វីៗកើតឡើងលឿនណាស់។ គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ត្រូវរងការវាយប្រហារដោយព្យុះធំៗចំនួន២០ជារៀងរាល់ឆ្នាំ ដែលសម្លាប់មនុស្សរាប់រយនាក់។ អ្នកវិទ្យាសាស្ត្រព្រមានថា ព្យុះបែបនេះ នឹងកាន់តែបង្កើនឥទ្ធិពលខ្លាំងឡើងៗ នៅពេលពិភពលោកកាន់តែក្តៅ ដោយសារតែបម្រែបម្រួលអាកាសធាតុ៕ សម្រួលដោយ ទៀង បុណ្ណរី