អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ…
បន្ទាយមានជ័យ ÷ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលវេលាម៉ោង០១និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ការឃាត់ខ្លួនជនសង្ស័យខាងលើយោងតាមបណ្តឹងរបស់ឈ្មោះ ហន ស្រីល័ក្ខ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុង បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលពីថ្ងៃទី១៧ ខែកក្កដា ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដា ZOOMER- X ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1AC-4561 នៅមុខបន្ទប់ជួលរបស់ខ្លួនដូចរាល់ដង លុះព្រឹកឡើង ជនរងគ្រោះរៀបចំចេញទៅធ្វើការស្រាប់តែ ទ្វារបន្ទប់ជាប់បើកមិនចេញ ដោយជនសង្ស័យបានយកលួសសរសៃចងភ្ជាប់នឹងទ្វារ ហើយជនរងគ្រោះបានទូរស័ព្ទហៅអ្នកជិតខាងឱ្យជួយបើកទ្វារ ពេលបើកទ្វារស្រាប់តែបាត់ម៉ូតូតែម្ដង។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។ ផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ អនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាង ម៉ូតូ ត្រូវបានកម្លាំងកងរាជអាវុហត្ថប្រគល់ជូនម្ចាស់ដើមវិញហើយ៕ សម្រួលដោយ ទៀង បុណ្ណរី