ខេត្ត​កោះកុងព្យុះភ្លៀង ៣ ទៅ ៤ ថ្ងៃ នៅ កោះកុង គ្រាន់តែរំខានដល់ការរស់នៅពលរដ្ឋប៉ុណ្ណោះ

អភិបាលរង​ខេត្ត​កោះកុង លើក​ឡើង​ថា បញ្ហា​ព្យុះភ្លៀង ៣ ទៅ ៤ ថ្ងៃ មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ឡើយ ពោល​គ្រាន់តែ​រំខាន​ដល់​ការ​រកស៊ី​ទទួលទាន​ប៉ុណ្ណោះ ប្រសិនបើ​មាន​គ្រោះធម្មជាតិ អាជ្ញាធរ​ត្រៀមលក្ខណៈ​រួចរាល់​ហើយ។  មិន​ខុស​ពី​ខេត្ត​ជាប់​សមុទ្រ​ដទៃ​ទេ ខេត្ត​កោះកុង ប៉ុន្មាន​ថ្ងៃនេះ ក៏​រង​ឥទ្ធិពល​ព្យុះភ្លៀង​ពី​តិច​ទៅ​ច្រើន​ដូចគ្នា​ដែរ ដោយ​សង្កេត​ឃើញ​ថា មាន​បរិមាណ​ទឹក​ធ្លាក់​ច្រើន រីឯ​ក្រុម​ទូក​នេសាទ​បាន​ចូល​ចត​នៅ​ច្រាំង​មិន​ចេញ​នេសាទ។  លោក សុខ សុទ្ធី អភិបាល​រង​ខេត្ត​កោះកុង បាន​ថ្លែង​ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ ២០២៣ ថា បញ្ហា​ព្យុះភ្លៀង ៣ ទៅ ៤ ថ្ងៃនេះ មិន​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​បង្ក​ការ​រំខាន​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ការ​រកស៊ី​ទទួលទាន​របស់​ពលរដ្ឋ​ប៉ុណ្ណោះ។  លោក​អភិបាល​រង​ខេត្ត​កោះកុង បន្ថែម​ថា ទោះ​យ៉ាងណា អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ ក៏បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​រួចរាល់​ហើយ ដើម្បី​ចុះ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​មហន្តរាយ​ប្រការ​ណាមួយ​អំឡុង​ព្យុះភ្លៀង​នេះ។ ក្នុង​នោះ ត្រៀម​ការ​ផ្ដល់​ស្បៀង​អាហារ និង​រក​ទី​ទួល​សុវត្ថិភាព​ជាដើម…។ កន្លងទៅ អាជ្ញាធរ​ខេត្ត​បាន​ផ្ដល់​ដំណឹង​ទៅ​កាន់​អាជ្ញាធរ និង​ពលរដ្ឋ អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ហើយ​ដែរ ដោយ​ហាម​មិន​ឲ្យ​ចេញ​ទូក​នេសាទ​នៅ​សមុទ្រ​ទាំង​ប្រថុយប្រថាន​ដែល​ងាយ​គ្រោះថ្នាក់។  ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បង្ហាញ​ថា ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី ១៩-២៥ ខែ​កក្កដា ឆ្នាំ ២០២៣ ហាមប្រាម​ប្រជា​នេសាទ ឬ អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​តាម​កោះ បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ​ដែល​អាច​កើតមាន​ជាយថាហេតុ។ បន្ថែម​នោះ សាធារណជន ជា​ពិសេស​ប្រជា​នេសាទ និង​អ្នក​ធ្វើដំណើរ​តាម​សមុទ្រ​ជ្រាប​ជា​ព័ត៌មាន និង​សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង