ឯកឧត្ដម ដួង តារា បានស្នើយក Page.Facebook របស់សម្ដេចតេជោ មករក្សាទុកវិញ!
ភ្នំពេញ៖ ក្រោយប្រកាស.លុបចោលនិងបាត់បង់ពីបណ្ដាញសង្គម អស់មួយរយៈពេលខ្លី…!។ ឥឡូវ Page. Facebook របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្រាប់តែលេចវត្តមានឡើងវិញ នៅយប់អាធ្រាត្រឈាន ចូលថ្ងៃទី២០.០៧.២០២៣។ ក្រោមការស្នើយកមករក្សាទុកវិញពីសំណាក់ឯកឧត្ដម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន ។ បើតាមឯកឧត្ដម ដួង តារា ការស្នើយក Page. Facebook របស់សម្ដេចតេជោ នៅពេលនេះ។ គឺដើម្បីរក្សាទុក និងប្រើប្រាស់ជាប្រយោជន៍រួម ខណៈសម្ដេចតេជោ ពុំទាន់ប្រកាសទទួលយកវិញ ឬយ៉ាងណានោះទេ..?។ ឯកឧត្ដម ដួង តារា បានលើកឡើងយ៉ាងដូច្នេះថា«កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១០ (មុនខ្ញុំចូលបម្រើការងារជូន សម្តេចតេជោនាយករដ្ឋមន្រ្តី) ខ្ញុំបានបង្កើត Page “ Samdech Hun Sen, Cambodian Prime Minister នេះដើម្បីទុកប្រគល់ជូន សម្តេច សម្រាប់ប្រើប្រាស់ក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសដើម្បីបានដឹងអំពីសុខទុក្ខពលរដ្ឋដោយផ្ទាល់តាមរយៈសំណូមពរ និងមតិយោបល់តាមរយៈផេកនេះ។ ដោយសារខ្ញុំបានឃើញអំពីសារៈសំខាន់នៃបណ្តាញទំនាក់ទំនងសង្គម Facebook នេះ ទើបខ្ញុំសម្រេចបង្កើតPage នេះឡើងទុកជូន សម្តេច យកទៅប្រើជាប្រយោជន៍ប្រទេសជាតិ។ ខ្ញុំមិនចង់បាត់បង់ផេកដ៏សំខាន់ ដែលខ្ញុំបានប្រើពេល ១៣ឆ្នាំកន្លងមកនេះឡើយ។ ខ្ញុំបានសម្រេចចិត្តយកមកប្រើឡើងវិញ និងសូមស្នើសុំរក្សាផេកនេះទុកបន្តប្រើជាប្រយោជន៍សង្គមជាតិ ទោះបីសម្តេចតេជោមិនប្រើក៏ដោយ។ សូមសាធារណៈជនមេត្តាជ្រាបជាដំណឹង។ ដោយក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំដួង តារា»។ គួរម្លឹកថាៈ កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលុបចោល Facebook របស់សម្ដេចជាស្ថាពរ និងបានស្នើឲ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះ សម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង!។ លុះដល់ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងចោទសួរទៅក្រុមហ៊ុន Facebook ថាតើគោលនយោបាយ Facebook មានបានពិនិត្យមើលក្រុមប្រឆាំងប្រមាថព្រះមហាក្សត្រ ប្រមាថសម្តេច ភរិយា និងកូនសម្តេចដែរទេ? ។ ក្នុងនោះសម្តេចតេជោ បានផ្តាំទៅហ្វេសប៊ុកថា កុំយកបញ្ហាបច្ចេកទេសមកនិយាយ ហើយបំភ្លេចភាពតិរិច្ឆានរបស់ក្រុមប្រឆាំងធ្វើមកលើសម្តេច។ សម្តេចបានថ្លែងដូច្នេះថា Facebook គេមានគោលការណ៍របស់គេ ខ្ញុំទទួលការគោរព ប៉ុន្តែ Facebook មើលរំលងទៅលើបញ្ហាមួយចំនួន ដែលធ្វើខុស នឹងគោលនយោបាយរបស់ Facebook។ បន្ថែមពីលើនោះទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាៈ ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំគណនីហ្វេកបុក (Facebook) សម្តេចជាច្រើនដែលមានរហូតជាង២០ ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ សម្តេច បានរកឃើញបណ្តាញទំនាក់ទំនង ដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម (Telegram) ដែលមិនបារម្ភ ពីការចូលលួចដូច Facebook នោះទេ។ ទន្ទឹមនិងនោះ សម្តេចសូមការយោគយល់ពីអ្នករាប់សម្តេច តាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែល Telegram របស់សម្តេចវិញ។
ដើម្បី ទទួលបានព័ត៌មាន និងមានយោបល់មកសម្តេច តាមរយៈតេឡេក្រាមវិញ។ សម្តេច ក៏បានបង្កើតគណនី TikTok ដើម្បីចែករំលែកព័ត៌មាន និងប្រសាសន៍ផងដែរ។ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថាៈ រាជរដ្ឋាភិបាលកម្ពុជា មិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់។ ទន្ទឹមនិងនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់ ទំនាក់ទំនងជាមួយ រាជរដ្ឋាភិបាល ទៀតផង៕ សម្រួល ទៀង បុណ្ណរី