អាជ្ញាធរខេត្តកំពង់ស្ពឺព្រមានចាត់វិធានការទៅលើអ្នកចាក់ដី និងសាងសង់រំលោភលើទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តបានព្រថានឹងចាត់វិធានការទៅលើអ្នកចាក់ដី និងសាងសង់រំលោភទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់។ ការព្រមានរបស់អាជ្ញាធរនេះ បន្ទាប់ពីមានពលរដ្ឋ និងភាគីពាក់ព័ន្ធមួយចំនួន បានរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ផ្សេងៗ ធ្វើឱ្យប៉ះពាល់ផ្ទៃអាងទឹកទំនប់តាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់កាលពីថ្ងៃទី ១៩ កក្កដា ថា ដើម្បីចូលរួមគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍អាងទឹកឱ្យមានប្រសិទ្ធភាព និរន្តរភាព ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹករបស់កម្ពុជា សាធារណ:ជន ប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ ដែលបានរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកទំនប់តាសាល ត្រូវ តែបញ្ឈប់ និងរុះរើសម្ភារដែលបានប្រើប្រាស់ ចេញពីផ្ទៃអាងទឹកជាបន្ទាន់។ រដ្ឋបាលខេត្តកំពង់ស្ពឺបានព្រមានថា ក្នុងករណីមិនស្តាប់ តាមការណែនាំបន្តរំលោភបំពាន និងសាងសង់ទៀត រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា ទំនប់អាងទឹកតាសាល មានប្រវែងសរុប ៧២០ម៉ែត្រ អាចមានលទ្ធភាព ក្នុងការស្តុកទឹកបាន១៤០លានម៉ែត្រគូប បានរូមចំណែកជួយកាត់បន្ថយបញ្ហាទឹកជំនន់ នារដូវវស្សា។ សម្រួលដោយ ទៀង បុណ្ណរី