បុរសជាកម្មកររោងចក្រម្នាក់ ចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តស្តារិច បុកពីក្រោយ…
ភ្នំពេញ ៖ បុរសជាកម្មកររោងចក្រម្នាក់បានបោកក្បាលស្លា.ប់នៅនឹងផ្លូវយ៉ាងអាណោចអាធ័ម ពេលដែលចេញពីធ្វើការជិះម៉ូតូបញ្រ្ចាសផ្លូវបត់ស្តាំ ឆ្លងមិនប្រយ័ត្នត្រូវរថយន្តម៉ាកស្តារិច បើកលឿនមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យផ្លោងម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវជាច្រើនម៉ែត្រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃចន្ទទី១៧ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពមានឈ្មោះ ឡុងជ័យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានស្រុកកំណើត នៅភូមិព្រែកផ្តៅទី២ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។ បើយោងតាមការបញ្ជាក់ពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះបានឃើញហេតុការណ៍ខាងលើ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានឃើញ បុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ ១២៥ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ស្វាយរៀង 1P-9073 ជិះម្នាក់ឯងចេញពីរធ្វើការក្នុងរោងចក្រក្រ ក្បែរកន្លែងកើតហេតុខាងលើ រួចក៏បានជិះកាត់តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ក្នុងទិសដៅពីកើតមកលិចហើយបានបង្អង់ល្បឿន បត់ទៅខាងស្តាំដៃទាំងបញ្រ្ចាសផ្លូវ ដើម្បីឆ្លងចូលទៅផ្លូវម្ខាងទៀត ខណៈពេលឆ្លងជិតផុតផ្លូវទៅហើយ គាប់ជួនស្រាប់តែមានរថយន្តបង្កម៉ាកស្តារិច ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ កំពង់ចាម 2A-9850 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ទិសដៅស្របគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន មិនបង្អង់ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយ យ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ ខ្ទាតម៉ូតូទៅចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូបោកក្បាលនៅផ្លូវស្លា.ប់មួយរំពេច ចំណែករថយន្តបង្កបន្តល្បឿនបើករត់ទៅមុខ ជិតមួយគីឡូត៍ដី តែរត់មិនរួចត្រូវបានពលរដ្ឋសហការ ជាមួយសមត្ថកិច្ចតាមឃាត់បានទាំងម្ចាស់និងរថយន្តតែម្ដង។ បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ សម្រួលដោយ ទៀង បុណ្ណរី