ក្រុមចោរវាយប្លន់យកម៉ូតូពីយុវជនម្នាក់ បានសម្រេច នៅខណ្ឌមានជ័យ
យុវជនម្នាក់ ជិះម៉ូតូម្នាក់ឯងតាមដងផ្លូវ ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពកៀរផ្ដួល រួចវាយប្លន់យកម៉ូតូបានសម្រេច ជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ២ និង ២០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យខាងត្បូង តាមបណ្ដោយផ្លូវលេខ ២៧១ សង្កាត់ស្ទឹងមានជ័យទី ២ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ លី វ៉ាន់ដា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកាត់កញ្ចក់ ស្នាក់នៅភូមិសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅឯស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២២ ពណ៌ក្រហម បិទពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1F-0039។ បើតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងចេញពីម្ដុំផ្លូវសឡា ទៅទិញអីហូបនៅម្ដុំផ្សារសុវណ្ណា ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នា ៥ នាក់ ជិះម៉ូតូបីគ្រឿង ដេញមកពីក្រោយ ធ្វើសកម្មភាពកៀរផ្ដួលម៉ូតូរូបគេ បណ្ដាលឲ្យដួល។ ក្នុងនោះ ក្រុមជនសង្ស័យ ក៏បានវាយទៅលើរូបគេថែមទៀត រួចប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង។ ក្រោយកើតហេតុ ប្រជាពលរដ្ឋទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចនាំជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ២ ដើម្បីងាយស្រួលឲ្យសមត្ថកិច្ចកំណត់មុខសញ្ញា និងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី