សម្ដេច ស ខេង អំពាវនាវពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមលក្ខណៈទៅបោះឆ្នោត

សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត សូម​ត្រៀម​លក្ខណៈ​អញ្ជើញ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បី​គាំទ្រ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ ដែល​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​នៅ​កម្ពុជា។   ការ​អំពាវនាវ​នេះ ខណៈ សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ចុះ​ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស្រុក​ព្រះស្ដេច ស្រុក​ពាម​ជរ ស្រុក​កំពង់ត្របែក និង​ស្រុក​មេសាង ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី ១៦ ខែ​កក្កដា ឆ្នាំ ២០២៣។   សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​ខេត្ត​បាត់ដំបង បាន​អំពាវនាវ​ដល់ សមាជិក សមាជិកា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ស្រុក​ទាំង ៤ និង​ជា​រួម​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ត្រៀម​លក្ខណៈ​អញ្ជើញ​ទៅ​បោះឆ្នោត នា​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខ​នេះ ដើម្បី​គាំទ្រ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដែល​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ ១៩៩៣ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​សូម​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លេខ​រៀង​ទី ១៨ ដើម្បី​បន្ត​ការ​ដឹកនាំ​មាតុភូមិ​កម្ពុជា ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​រុងរឿង​បន្ត​ទៀត។  ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច​ក្រឡាហោម បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹកនាំ ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន ព្រមទាំង​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ​ស្រុក​ទាំង ៤ ដែល​តែង​ផ្ដល់​សេចក្ដីទុកចិត្ត បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​បាន​រួមសុខ រួម​ទុក្ខ​ជាមួយ​គ្នា តាំងពី​ក្រោយ​ការ​ដួល​រំលំ នៃ​របប​ខ្មែរក្រហម។  ជាមួយ​គ្នា​នេះ សម្ដេច ស ខេង ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ទោះបី​មាន​និន្នាការ​បែប​ណា​ក៏ដោយ ប៉ុន្តែ​មាន​គោលជំហរ​ស្រលាញ់​សុខ​សន្តិភាព និង​បាន​ចូលរួម​គាំទ្រ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​នីតិកាល ៦ ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២៣ ធ្វើ​ឲ្យ​ប្រទេសជាតិ​បន្ត​រក្សា​បាន​សុខ​សន្តិភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ស្ថិរភាព​នយោបាយ ការពារ​របបរាជានិយម ធានា​លំនឹង​សេដ្ឋកិច្ច ពិសេស​បង្ការ ទប់ស្កាត់​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ជំងឺ​កូវីដ-១៩៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង