កូរ៉េខាងត្បូងត្រូវបានវាយប្រហារដោយទឹកជំនន់ និងការរអិលបាក់ស្រុតដី ខណៈមនុស្សរាប់រយនាក់ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព
ប្រទេសកូរ៉េខាងត្បូង បានរងគ្រោះដោយការរអិលបាក់ស្រុតដី និងបាក់ទំនប់វារីអគ្គិសនីមួយ ខណៈដែលភ្លៀងធ្លាក់យ៉ាងកំហុកនៅថ្ងៃទីបី ដោយបានបង្ខំមនុស្សរាប់រយនាក់ជម្លៀសខ្លួនរកទីទួលសុវត្ថិភាព…។ យោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាពបង្ហាញថា មនុស្ស៨៨២នាក់ត្រូវបានជម្លៀសចេញទូទាំងប្រទេស គិតត្រឹមម៉ោង៦ព្រឹកថ្ងៃសៅរ៍ទី១៥កក្កដា ប៉ុន្តែចំនួនអ្នកជម្លៀសត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ខណៈដែលទំនប់វារីអគ្គិសនីនៅខេត្ត ឆុងឆឹង (Chungcheong) ខាងជើង បានជន់ជោរទៅដោយទឹក។ យោងតាមអាជ្ញាធរខេត្តបានឱ្យដឹងថា រដ្ឋាភិបាលក្នុងតំបន់បានបញ្ជាឱ្យជម្លៀសមនុស្សជាង៧ពាន់នាក់ក្នុងពេលតែមួយ ឬពេលសមស្របណាមួយ។ គិតត្រឹមម៉ោង៩ព្រឹក ទឹកជាង២៧០០តោន បានហូរចូលទៅក្នុងទំនប់ ហ្កូសាន (Goesan) ដែលជាបរិមាណទឹកអតិបរមា។ នៅទូទាំងប្រទេសមានអ្នកស្លាប់២នាក់ បាត់ខ្លួនម្នាក់ និងរបួស៦នាក់ គិតត្រឹមម៉ោង៦ព្រឹកនេះ ប៉ុន្តែរបាយការណ៍បន្ថែមនៃមនុស្សច្រើននាក់ ដែលរងគ្រោះដោយការបាក់ស្រុតដីបានកើតឡើងតាំងពីពេលនោះមក។ ក្រុមហ៊ុន Korea Railroad Corp (KORAIL) បានអះអាងថា ខ្លួនកំពុងបញ្ឈប់ប្រតិបត្តិការរថភ្លើងល្បឿនយឺតទាំងអស់ និងរថភ្លើងល្បឿនលឿនមួយចំនួន ខណៈដែលរថភ្លើងល្បឿនលឿនផ្សេងទៀតអាចនឹងត្រូវពន្យារពេល ដោយសារប្រតិបត្តិការយឺត ដោយសារការរអិលបាក់ស្រុតដី ផ្លូវជន់លិច និងថ្មដែលធ្លាក់ បានគំរាមកំហែងដល់សុវត្ថិភាព។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយភ្នាក់ងាររដ្ឋាភិបាលនៅថ្ងៃសៅរ៍នេះ នាយករដ្ឋមន្ត្រី ហាន ដាក់ស៊ូ (Han Duck-soo) បានអំពាវនាវឱ្យយោធាចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយសង្គ្រោះ ដោយធ្វើការជាមួយមន្ត្រីរដ្ឋាភិបាលដើម្បីប្រមូលផ្តុំឧបករណ៍ និងកម្លាំងសង្រ្គោះ៕ សម្រួលដោយ ទៀង បុណ្ណរី