អភិបាលខេត្តកែប ណែនាំមន្រ្តីសុរិយោដី ៣ ចំណុច មុនចុះទៅអនុវត្តវាស់វែងដីជូនពលរដ្ឋ
នៅក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិចំការ ៣ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើង ៣ ចំណុច សម្រាប់ក្រុមការងារបច្ចេកទេសសុរិយាដីយកទៅអនុវត្តក្នុងដំណើរការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទី១-មិនអាចចេញប័ណ្ណកម្មសិទ្ធិដោយគ្មានឯកសារបញ្ជាក់នោះទេ ២-ដីព្រៃលិចទឹក ដីគម្របព្រៃឈើមិនអាចវាស់វែងបានទេ ៣-ក្នុងការវាស់វែងដីត្រូវទុកផ្លូវចាប់ពី ៨ ម៉ែត្រឡើងទៅ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបន្តថា ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់អាស្រ័យផល។ មិនត្រឹមតែប៉ុណ្ណោះបណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសម្រាប់ជាការសំអាង នៅពេលមានបញ្ហាផ្សេងៗកើតឡើង បញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។ ជាមួយគ្នានោះដែរ លោកអភិបាលខេត្តកែបចេញការព្រមានធ្ងន់ៗ បើមានមន្រ្តីសុរិយោដីមួយណាបឬរូបណា ដែលទាមទារយកលុយកាក់ពីប្រជាពលរដ្ឋដើម្បីចុះវាស់វែងដីធ្លីជូនបងប្អូន ត្រូវរាយការណ៍មកជាបន្ទាន់ឬមកកាន់អាជ្ញាធរ ឬមកកាន់រូបលោកជាអធិបាលខេត្តផ្ទាល់ ដើម្បីលោកមានវិធានការជាមួយមន្រ្តីរូបនោះតែម្តង។ សម្រួលដោយ ទៀង បុណ្ណរី