ដល់ក! ក្រោយមានអ្នកជេ-រ ចោ-ទថាសម្តែងចង់ល្បី ទ្រាំពុំបាន ម្ចាស់ផ្ទះដែលបង្ហោះករណីចោ-រប្រុសស្រីលំដាប់ VIP ចូលគាស់ផ្ទះ បញ្ជាក់បែបនេះថា…
នេះជារឿងដ៏ភ្ញាក់ផ្អើល នៅពេលដែលបានឃើញករណីចោរប្រុសស្រីកាលីបៗ៣នាក់ ក្នុងនោះ២នាក់ប្រហែលជាគូស្នេហ៍ ឬប្តីប្រពន្ធបែបស្ទាវសម័យថ្មី បាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះលក់ និងជួសជុលទូរស័ព្ទមួយកន្លែង នៅខាងខេត្តតាកែវ ហាក់គ្មានខ្លាចញញើតអ្វីសោះឡើយ។ តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញហេតុការណ៍នេះ បានកើតឡើងនៅវេលម៉ោងជាង ២ យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ហើយម្ចាស់ផ្ទះក៏បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ2 ខាងត្បូងជិតផ្សារយាយទ្យ ភូមិថ្មីរវៀង ស្រុកសំរោង ខេត្តតាកែវ។ ក្រោយហេតុការណ៍កើតឡើង ម្ចាស់ផ្ទះដែលមានគណនីហ្វេសប៊ុកឈ្មោះ Chinda Salonn ក៏បានបង្ហោះថា៖ «សកម្មភាភាពបងចោរចូលគាល់ផ្ទះយប់មិញ មើលមុខហើយចំណាំផងបងប្អូន ច្បាស់ៗតែធ្វើអីគេមិនកើត សំខាន់វាមានអាវុធជាប់ដៃ សំខាន់វាចេះចងទ្វារអ្នកផ្ទះជិតសងខាងជាប់ អត់អោយចេញរួចទៀត»។ ពិតណាស់ ដោយសារតែម្ចាស់ផ្ទះរៀបរាប់មិនច្បាស់ ជាពិសេសត្រង់ចំណុចថា «…ច្បាស់ៗតែធ្វើអីគេមិនកើត សំខាន់វាមានអាវុធជាប់ដៃ» ខណៈពួកចោរប្រុសស្រី ក៏ធ្វើសកម្មភាពលុកលុយ រើកកាយពេញក្នុងផ្ទះយ៉ាងរំភើយ ហាក់គ្មានខ្លាចម្ចាស់មកទាន់សោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន សម្តែងការហួសចិត្តថា «ឃើញចោរច្បាស់ៗ ហេតុអ្វីមិនខលហៅប៉ូលិស ឬមួយក៏សម្តែងចង់ល្បី» ខណៈអ្នកខ្លះទៀតដល់ថ្នាក់ចូលជេរយ៉ាងចាស់ដៃបែបនេះថា៖ «មីឡប់ អត់ការងារធ្វើទេ មីបំពុលសង្គម»។ ទោះជាយ៉ាងណា ក្រោយរឿងនេះបានផ្ទុះឡើង ស្របពេលមានគេចោទថា សម្តែងចង់ល្បី បង្កើតរឿងបំពុលសង្គម ថ្មីៗនេះ (ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣) ស្រាប់តែម្ចាស់ផ្ទះខាងលើ បានចេញមកបញ្ជាក់ឲ្យដឹងថា តាមពិត ផ្ទះដែលចោរគាស់ហ្នឹង ត្រូវបានចាក់សោចោល មិនមែនអ្នកណាដេកនៅក្នុងនោះទេ ដោយពួកគាត់បានទៅដេកផ្ទះផ្សេង (រំលងផ្ទះមួយ)។ លើសពីនេះ ម្ចាស់ផ្ទះក៏បានបញ្ជាក់បន្ថែមទៅកាន់អ្នកថាសម្តែងចង់ល្បីថា៖ «ផ្ទះអត់មានអ្នកនៅដេកចាំទេ សុំទានជ្រាប តួចោរទាំងបីបានឃើញហើយ ល្មមចេញបកស្រាយអោយគេបានដឹងផង កុំឱ្យគេថាខ្ញុំសំដែងចង់ល្បី»៕ សម្រួលដោយ ទៀង បុណ្ណរី