ទឹកជំនន់នៅឥណ្ឌា សម្លាប់មនុស្សកើនដល់ជាង ៦០នាក់
មន្ត្រីរដ្ឋាភិបាលបាននិយាយនៅថ្ងៃពុធទី១២ខែកក្កដាថា ភ្លៀងមូសុងឥតឈប់ឈររយៈពេលច្រើនថ្ងៃ បានសម្លាប់មនុស្សចំនួន៦៦នាក់នៅក្នុងប្រទេសឥណ្ឌា ខណៈអ្នកទេសចរបរទេសរាប់សិបនាក់ ត្រូវជាប់គាំងនៅតំបន់ភ្នំហិមាល័យ បន្ទាប់ពីទឹកជំនន់កាច់ផ្តាច់ប្រព័ន្ធផ្លូវថ្នល់។ ទឹកជំនន់និងការរអិលបាក់ដី គឺជារឿងធម្មតា ហើយបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធំធេងក្នុងអំឡុងរដូវខ្យល់មូសុងរបស់ប្រទេសឥណ្ឌា ប៉ុន្តែអ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យគ្រោះធម្មជាតិកើតឡើងកាន់តែញឹកញាប់ និងកាន់តែសាហាវ។ Himachal Pradesh គឺជារដ្ឋដែលរងគ្រោះខ្លាំងបំផុត ដោយភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ បានបំផ្លាញយានយន្ត អគារ និងបាក់ស្ពាន។ លោក Onkar Sharma ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយរដ្ឋ បាននិយាយថា ត្រឹមតែរដ្ឋនេះ មានមនុស្សរហូតដល់ទៅ៣៣នាក់បានបាត់បង់ជីវិត។ ស្របពេលជាមួយគ្នានោះ ក្រុមសង្គ្រោះត្រូវបានចល័ត ដើម្បីជួយអ្នកទេសចរបរទេសចំនួន៤០នាក់ ក្នុងនោះមានទាំងជនជាតិរុស្ស៊ី១៤នាក់និងម៉ាឡេស៊ី១២នាក់ផងដែរ។ លើសពីនេះ រដ្ឋធានីញូវដែលី ក៏ប្រកាសអាសន្នផងដែរបន្ទាប់ពីទឹកទន្លេ Yamuna ឡើងដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា ចាប់តាំងពីឆ្នាំ១៩៧៨មក៕ សម្រួលដោយ ទៀង បុណ្ណរី